(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានជួបពិភាក្សាជាមួយ លោក Sommad PHOLSENA ប្រធានគណៈប្រតិភូរដ្ឋសភាឡាវ និងជាអនុប្រធានរដ្ឋសភាឡាវ ក្នុងឱកាសដែលលោក​ អនុប្រធានទី១ នៃរដ្ឋសភា​ ដឹកនាំគណៈប្រតិភូសភាកម្ពុជា​ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ។

នៅក្នុងជំនួប​ សមភាគីរដ្ឋសភាទាំងពីរ បានសម្តែងមនោសញ្ចេតនារីករាយរាក់ទាក់ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូន ដែលមានមរតកទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ និងបានពាំនាំការសាកសួរទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរ សុទ្ធសឹងបានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរថា​ ជាទ្រព្យសម្បត្តិមហាសាលដែលបាននាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិជិតខាងទាំងពីរ ព្រមទាំងបានប្តេជ្ញាបន្តថែរក្សាទំនាក់ទំនងល្អ ទាំងក្របខ័ណ្ឌបក្ស រដ្ឋាភិបាល និងរដ្ឋសភា ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ។

ភាគីទាំងពីរ ក៏បានបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក មានអាទិ៍៖ អាយប៉ា និងអាយភីយូ ដើម្បីរួមចំណែក និងលើកទឹកចិត្ត គាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិទាំងពីរ។ ក្រៅពីនោះក៏ប្តេជ្ញារួមគ្នាលើកទឹកចិត្ត គាំទ្រ និងជម្រុញឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ បន្តខិតខំរួមគ្នាបញ្ចប់ការងារព្រំដែនសីមាដែលនៅសេសសល់ ឱ្យបានឆាប់ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការជឿជាក់គ្នា ដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរឱ្យក្លាយ ជាព្រំដែនមិត្តភាព សហប្រតិបត្តិការ។

លោកប្រធានគណៈប្រតិភូរដ្ឋសភាឡាវ បានថ្លែងអំណរគុណរដ្ឋសភាកម្ពុជា ដែលគាំទ្ររដ្ឋសភាឡាវ ជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា)​ លើកទី៤៥ ព្រមទាំងបានផ្តល់ឱកាសឱ្យមន្រ្តីរដ្ឋសភាឡាវ​ បានមកសិក្សារៀនសូត្រពីរបៀបរបបរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ នាឆ្នាំ២០២២ កន្លងទៅ៕