(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ទាំងអស់ សហការគ្នា ដើម្បីបន្តលើកកម្ពស់គុណភាព នៃការបម្រើសេវាសុខាភិបាលជូនពលរដ្ឋ ជាពិសេសការពិនិត្យព្យបាលដោយការវះកាត់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលរបស់កម្ពុជា។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកទិវាសល្យសាស្ត្រកម្ពុជា លើកទី២៨ ក្រោមប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
 
លោកសាស្ត្រាចារ្យ បានថ្លែងបន្តថា «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើរដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងនិស្សិតឯកទេសវះកាត់ជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាវះកាត់ កាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពបំផុត ជូនដល់ប្រជាជនកម្ពុជា អោយបានជាទីគាប់ចិត្ត»។
 
លោកសាស្ត្រាចារ្យក៏បានបង្ហាញភាពរីករាយ ចំពោះភាពរីកលូតលាស់ នៃសមាគមសល្យសាស្ត្រកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៥ ព្រមទាំងមានសង្ឃឹមថា នៅពេលអនាគត នឹងមានសមាគមឯកទេសនានាថែមទៀត នឹងលេចរូបរាងឡើង ដើម្បីពង្រីកវិសាលភាព និងសមតហថភាពនៃការបម្រើសេវាជូនដល់ប្រជាជនកម្ពុជាអោយបានទូលាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ព្រាប ឡី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា បានឱ្យដឹងថា ប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» នេះពិតជាបានឆ្លើយតប នឹងគោលនយោបាយកំណែទម្រង់សេវាសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា។
 
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ទិវាសល្យសាស្ត្រឆ្នាំនេះ មានបទបង្ហាញស្តីពីការរិះរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺ ដោយការវះកាត់ជាច្រើន បានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាងគ្រូពេទ្យជំនាញឯកទេសជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី ថៃ និងជប៉ុន។
 
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ សង្ឃឹមថា សមាជិក សមាជិកា នៃអង្គសន្និសីទទាំងអស់នឹងខិតខំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺ ដោយការវះកាត់ជូនប្រជាពលរដ្ឋ៕