(ភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយ លោក E.P. Chet Greene រដ្ឋមន្ត្រីការបរទេស កសិកម្ម ពាណិជ្ជកម្ម និងកិច្ចការ បាប៊ុយដា នៃប្រទេសអង់ទីហ្កានិងបាប៊ុយដា ក្នុងឱកាសដែល លោកអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះគឺជាវឌ្ឍនភាពមួយដ៏សំខាន់ក្នុងការ លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទោះបីប្រទេសទាំងពីរស្ថិតក្នុងទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នា ក៏រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការតាមវិស័យរវាងប្រទេស ទាំងពីរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូន លោករដ្ឋមន្ត្រី Greene នូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយស្តីពី ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចពិភាក្សាក៏បាន ផ្តោតលើទំនិញដែលមានសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍និងកសិកម្ម។ ការណ៍នេះបង្ហាញនូវការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី Greene បានវាយតម្លៃខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងស្នើកម្ពុជាពិចារណាជ្រើសរើសយកប្រទេសអអង់ទីហ្កានិង បាប៊ុយដា ធ្វើជាច្រកចូលទៅកាន់ទីផ្សារនៃតំបន់ការ៉ាបៀន (Caribbean)។

ភាគីទាំងពីរបានពិភាក្សាលើផែនការសកម្មភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយក្តីរីករាយនូវការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអង់ទីហ្កានិងបាប៊ុយដា ក្នុងពេលវេលាសមស្រប។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី រួមទាំង ក្នុងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរ ទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួម ផងដែរ៕