(ភ្នំពេញ)៖ មកដល់ពេលនេះក្រុមហ៊ុន តៃខារបស់ជប៉ុន បានជួយកសាងទីលានបាត់ទាត់ហ្វូតសាលជូនកម្ពុជា បានចំនួន៦ទីតាំងហើយ ហើយលើកទី៦នេះ ត្រូវបានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ពីតម្លៃនៃការកសាងទីលានបាត់ហ្វូតសាល និងចំណងមិត្តភាពកម្ពុជា-ជប៉ុនថាពិតជាមានតម្លៃណាស់សម្រាប់ប្រជាជនកម្ពុជា។

ផ្តល់កិច្ចសម្ភាសន៍ប្រគល់ និងទទួលអំណោយទីលានបាល់ទាត់ស្មៅសិប្បនិម្មិត ពីក្រុមហ៊ុន តៃខា នៅអនុវិទ្យាល័យ សំរោងលើ ស្ថិតក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកឡើងថា កម្ពុជា-ជប៉ុន មានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេល៧០ឆ្នាំ ដោយទើបប្រារព្ធពិធី ហើយការផ្តល់ទីលានបាល់ទាត់នេះ អាចចាត់ទុកជាកាដូសម្រាប់ប្រជាជនកម្ពុជា សម្រាប់សិស្សានុសិស្សបានលេងកីឡា និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។

ចំណែកលោក ស៊ូហ្ស៊គី ថៃតូ (SUZUKI TAITO) នាយកប្រតិបត្តិក្រុមហ៊ុន តៃខា បានថ្លែងថា នេះជាទីលានបាល់ទាត់លើកទី៦ ដែលក្រុមហ៊ុនលោក បានកសាងជូនសិស្សានុសិស្សកម្ពុជា បានលេងកីឡា ព្រោះកម្ពុជា មានអ្នកនិយមលេងកីឡាបាល់ទាត់ច្រើន ហើយក្រុមហ៊ុនលោក នឹងជួយកសាងឱ្យជារៀងរាល់ឆ្នាំ ដោយលោកជឿជាក់ថា កម្ពុជា នឹងមានកីឡាករបាល់ទាត់ល្អនៅថ្ងៃខាងមុខ រហូតមានកីឡាករបានទៅលេងកីឡាពានរង្វាន់ពិភពលោក (World Cup)។

ជាមួយគ្នានេះលោក ស៊ូ សាក់ នាយកអនុវិទ្យាល័យសំរោងលើ ឃុំសំរោងលើ ស្រុកអង្គស្នូលបានប្រាប់ដែរថា លោកពិតជាសប្បាយរីករាយ ដោយមិននឹកស្មានថា សាលារបស់លោកត្រូវមានទីលានបាល់ទាត់ហ្វូតសាលបែបនេះទេ ហើយសង្ឃឹមថា ទីលានបាល់ទាត់នេះនឹងក្លាយជាប្រយោជន៍សម្រាប់សិស្សានុសិស្សបានហ្វឹកហាត់ និងលេងកីឡាបាល់ទាត់។

ដោយឡែកលោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា កម្ពុជា-ជប៉ុន នៅតែបន្តរក្សាមិត្តភាពយ៉ាងជិតស្និទ្ធ និងចេះជួយគ្នាគ្រប់កាលៈទេសៈ ហើយក្នុងនាមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងជំរុញឱ្យក្រុមហ៊ុនតៃខាបន្តជួយកសាងទីលានបាល់ទាត់បន្ថែមទៀត យ៉ាងហោចណាស់មួយឆ្នាំមានមួយកន្លែង៕