(ភ្នំពេញ)៖ ដើម្បីចៀសវៀងការឆ្លងរំខានដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពសេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា (Booster/Repeater) ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន៧០បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័តជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោលវិញដោយខ្លួនឯង ឬដោយក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងករណីមានបញ្ហាសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋត្រូវដាក់ពាក្យបណ្តឹងទៅប្រតិបត្តិករទូរសព្ទចល័តណាមួយ តាមរយៈលេខទូរសព្ទសេវាបម្រើអតិថិជន ១២០៤ ឬដាក់ពាក្យបណ្តឹងមកនិយ័តករទូរគមនាគមន៍ (ន.ទ.ក.) តាមរយៈ MPTC Speed Test/Complaint ឬលេខទូរសព្ទសេវាបម្រើអតិថិជន ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ៕