(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៥៩៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៥១៨គ្រឿង និងរថយន្ត ៧៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១,២៩២គ្រឿង ក្នុងនោះមានម៉ូតូ ៩,៨១៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៤៧៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង អត់បណ្ណបើករ ល្មើសភ្លើង-ផ្លាកសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក ស្រវឹងគ្មានភ្លើងបំភ្លឺ ល្មើសភ្លើង-ផ្លាកសញ្ញា អត់បណ្ណបើកបរ និងល្មើសល្បឿនជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០២នាក់ របួសចំនួន ១១នាក់ (របួសធ្ងន់ចំនួន ០៦នាក់)។ រយៈពេល ២៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២២០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១០០នាក់ របួស ៣៣៣នាក់ (របួសធ្ងន់ ២០៧នាក់)៕