(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជា បានផ្តួលទីក្រុង Pompeii នៃប្រទេសអ៉ីតាលី ក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារផ្សេងៗទៀត។

នេះបើតាមការផ្សាយដោយគេហទំព័រ Time of India Travel នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃសាសនាហិណ្ឌូ។ ទោះជាយ៉ាងណា ក្រោយមកបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនា។

ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីត ដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។

សូមជម្រាបថា ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាទីក្រុងបុរាណមួយ ក្នុងចំណោមតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុតលើពិភពលោក ក្នុងមួយឆ្នាំៗ មានអ្នកទស្សនារាប់លាននាក់៕