(ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីទស្សនាទាន នៃការកែទម្រង់ច្បាប់ ស្របតាមការចង្អុកបង្ហាញនៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ក្នុងមុំទី៤ លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្ដិធម៌ ដោយផ្ដោតអាទិភាពលើការលើកកម្ពស់ប្រសិទ្ធភាព សង្គតិភាព និងអនុលោមភាពគតិយុត្ដ នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ សំដៅធានាឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្ដីត្រូវការនានារបស់សង្គមជាតិ។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត សាយ បូរី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស, ឯកឧត្តម ឆែម គាត រិទី្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និង ជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ ព្រមទាំងឯកឧត្តម ជាអនុប្រធាន ទីប្រឹក្សា សមាជិក ក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ៕