(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយនិស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់។ ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញពីសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចជាតិ បោះជំហានទៅមុខជាលំដាប់។

លើសពីនេះទៀត រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូននិស្សិតអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីធ្វើឲ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។

បន្ថែមលើនេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័ត តាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឲ្យសេវាទូរគមនាគមន៍ កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង-ស្ថាប័ន និងការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធាន មនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឲ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឲ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង ឲ្យបានច្រើន ដើម្បីក្លាយជាធនធានមនុស្សឆ្នើម ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់និស្សិត ដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត៕