(ភ្នំពេញ)៖ ដើម្បីការពារផល ប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់។ លោកស្រីបានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបានការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាន នូវទំនិញ ម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំ ឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួន ដោយសុចរិត និងស្វែងយល់ពីអំពើល្មើស ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម ដែលបង្កឱ្យមានហានិភ័យ ដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។

ជាមួយគ្នានេះ នៅថ្ងៃរៀបចំអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញ ក.ប.ប. នឹងបង្កើនការចុះឃ្លាំ ពិនិត្យមើលតាមផ្សារគោលដៅ និងទៅតាមស្តង់តាំងលក់ផលិតផល ចាប់ពីថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារ អូរឡាំពិក ផ្សារអូរឬស្សី និងផ្សារកណ្តាល បាននាំយករថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូ ទំនិញម្ហូបអាហារ ចំនួន៦៦មុខ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក មើមខ្ទឹម ស ក្រហម សរសៃគុយទាវ មី ជាដើម ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ វិភាគនៅនឹងកន្លែងជាក់ស្តែង ក្នុងរថយន្តពិសោធន៍។

ជាលទ្ធផលពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ លើសំណាកគំរូទាំងនោះទេ ប៉ុន្តែបានរកឃើញបង្គាមាន ចាក់ចាហ៊ួយចំនួន៦៧.៥គីឡូ នៅផ្សារកណ្តាល ដោយបានធ្វើកិច្ចសន្យា និងដកហូតទំនិញខាងលើ យកទៅបំផ្លាញចោលតាមនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះលោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ណែនាំអ្នកប្រកប អាជីវកម្មក្នុងផ្សារទាំងបីនេះ ដែលតាំងលក់ផលិតផលគីមី បានយល់ផងដែរពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវ នៃការដាក់ស្លាកសញ្ញា សម្រាប់ផលិតផលគីមីប្រើ ប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ផលិតផល គីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមី ដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួស សម្រាប់គោលបំណងផ្សេងៗ នៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។

លើសពីនេះទៅទៀត លោកប្រធានសាខា ក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយត្រូវមានឯកសារពាក់ព័ន្ធ ច្បាស់លាស់ជាមុនសិន មុននឹងទទួល ទិញយកមកលក់បន្ត ហើយកុំលាយបន្ថែម នូវសារធាតុគីមី ហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេស ទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផល ហួសកាលបរិច្ឆេទជាដើម។ ក្នុងករណីបងប្អូនឃើញ មានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕