(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា សហការជាមួយអង្គការស្វីសខន់ថាក់ តាមរយៈគម្រោងធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SeT4SME) ក្រោមគំនិតផ្តួចផ្តើមដោយសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (GATF) សម្រេចបានសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងការធ្វើឌីជីថលនីយកម្មរបស់សេវាប្រៃសណីយ៍កម្ពុជា ជាមួយនឹងការបើកដំណើរការ ជាផ្លូវការនៃគេហទំព័រថ្មីរបស់ខ្លួន។

ពិធីបើកដំណើរការគេហទំព័រថ្មីនេះ ធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfield by Marriott ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ តំណាងប្រៃសណីយ៍កម្ពុជា និងសហគ្រាសធុនតូច និងមធ្យម។

លោក ថេន  សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងចំណុចសំខាន់ៗអំពីឥទ្ធិពលបំប្លែង នៃឌីជីថលនីយកម្មលើសេវាប្រៃសណីយ៍ទូទាំងប្រទេស។ ពិធីបើកដំណើរការគេហទំព័រថ្មីនេះក៏មានការណែនាំអំពី «របៀបដែលសហគ្រាសធុនតូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មលើប្រព័ន្ធឌីជីថល របស់ប្រៃសណីយ៍កម្ពុជា» អមដោយការប្រកាសជាផ្លូវការ នៃការបើកដំណើរការគេហទំព័រថ្មី ក៏ដូចជាការបង្ហាញពីសមត្ថភាព និងមុខងារដែលមានភាពងាយស្រួលប្រើប្រាស់ផងដែរ។

លោកបន្តថា ពីធីបើកដំណើរការគេហទំព័រថ្មីនេះ បានបញ្ចប់ទៅដោយមានកម្មវិធីសំណេះសំណាលដែលអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម ម្ចាស់អាជីវកម្ម និងតំណាងប្រៃសណីយ៍កម្ពុជា ធ្វើការផ្លាស់ប្តូរយោបល់គ្នា និងស្វែងយល់ពីសក្តានុពលនៃកិច្ចសហការនាពេលអនាគត។ ទៅអនាគតយ៉ាងឆាប់នេះ នឹងមានជា App ផងដែរ។

លោកអះអាងថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើង នៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ប្រៃសណីយ៍កម្ពុជា បានមើល ឃើញពីតួនាទីសំខាន់របស់ខ្លួនដែលជាភ្នាក់ងារសំខាន់ក្នុងការសម្របសម្រួល ការធ្វើពាណិជ្ជកម្ម កញ្ចប់ទំនិញខ្នាតតូច និងពង្រឹងជំហររបស់កម្ពុជាក្នុងខ្សែច្រវ៉ាក់សង្វាក់ពាណិជ្ជកម្មពិភពលោក។ តាមរយៈបណ្តាញប្រៃសណីយ៍ គឺបានផ្តល់ឱ្យ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ជាមួយនឹងមធ្យោបាយសមរម្យ និងដោយផ្ទាល់ ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងកាត់បន្ថយការពឹងផ្អែកលើអ្នកចែកចាយ ឈ្មួញកណ្តាលគយ និងអ្នកលក់រាយ។

លោកបន្តថា ជាផ្នែកនៃយុទ្ធសាស្ត្រឌីជីថលនីយកម្មរបស់ខ្លួន ប្រៃសណីយ៍កម្ពុជា បានសហការយ៉ាងសកម្មជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (អ.គ.រ) ដើម្បីចែករំលែកទិន្នន័យអេឡិចត្រូនិក នៃកញ្ចប់បញ្ញើមុនពេលបញ្ញើ មកដល់ និងពន្លឿនដល់ដំណើរការ នៃការសំអាតពន្ធគយសម្រាប់បញ្ជូនទៅកាន់អន្តរជាតិ។

ជាងនេះទៅទៀត យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យា ដោយផ្តល់អាទិភាពដល់ការរីកចំរើននៃសេដ្ឋកិច្ចឌីជីថល និងសង្គម។ ការបើកដំណើរការជាផ្លូវការ នៃគេហទំព័រ ដែលបានកែលំអរថ្មី និងកម្មវិធីម៉ូបាលអេបនៅលើទូរស័ព្ទគឺ តំណាងឱ្យ ព្រឹត្តិការណ៍កំណែទម្រង់ដ៏សំខាន់ ដោយផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន និងមុខងារឌីជីថល ដូចជាការតាមដា នការដឹកជញ្ចូនកញ្ចប់ទំនិញ សំណើសម្រាប់ការមកយកញ្ចប់ទំនិញ ការគណនាថ្លៃដឹកជញ្ជូន និងការរៀបចំស្លាកកបាវ ដឹកជញ្ជូនអេឡិចត្រូនិច (CN22/CN23)។

លោកបញ្ជាក់ថា ពីធីបើកដំណើរការគេហទំព័រថ្មីនេះ មិនត្រឹមតែជាវេទិកាមួយសម្រាប់ប្រៃសណីយ៍កម្ពុជា ដើម្បីបង្ហាញពីភាពកាន់តែល្អប្រសើរឡើងចំពោះសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយសហគ្រាសធុនតូច និងមធ្យម អតិថិជនថ្មី និងសមាគមអាជីវកម្មផងដែរ។ គេហទំព័រថ្មីនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្តានុពលបើកផ្លូវសម្រាប់កិច្ច សហការវាងប្រៃសណីយ៍កម្ពុជា និងសហគ្រាសធុនតូច និងមធ្យម ជំរុញបរិយាកាសសម្រាប់កំណើនអាជីវកម្ម និងការបង្កើតថ្មីផងដែរ។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SeT4SME) គឺជាគម្រោងដែលមានរយៈពេល២ឆ្នាំ (២០២១-២០២៣) ក្រោមគំនិតផ្តួចផ្តើមដោយសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (GATF) ដែលត្រូវបានអនុវត្តន៍ដោយអង្គការស្វីសខន់ថាក់ ក្រោមកិច្ចសហការ ជាមួយមួយភាគីពាក់ព័ន្ធសំខាន់ៗ ដូចជា ក្រសួងពាណិជ្ជកម្ម(MoC) អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ប្រៃសណីយ៍កម្ពុជា (CP) សហភាពប្រៃសណីយ៍សកល (UPU) សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA)៕