(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ បានទទួលជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ និងបានផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់ការរៀបចំកម្មវិធី «តន្រ្តីចាប៉ីភូមិខ្ញុំ» ដើម្បីចូលរួមអបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាមធ្យមវិចិត្រសិល្បៈ។

ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម៕