(ស្វីស)៖ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Stefano Toscano នាយកមជ្ឈមណ្ឌលអន្តរជាតិប្រចាំទីក្រុងហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។

នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូត Stefano Toscano បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ជាពិសេសការគាំទ្រក្នុងការរៀបចំផែនការសកម្មភាព ជាពិសេសពាក់ព័ន្ធនឹងការរៀបចំ Monitoring Framework ដែលជាចំណុចសំខាន់ និងបញ្ហាប្រឈមនាពេលកន្លងមក។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកឡើងអំពីទិដ្ឋភាពរួម នៃការអនុវត្តគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី និងបញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងដោយសារបញ្ហាកូវីដ និងវិបត្តិសង្គ្រាមនាពេលថ្មីៗនេះ។ បញ្ហាហិរញ្ញវត្ថុនេះ មិនមែនសម្តៅត្រឹមតែបញ្ហាកង្វះខាតថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្តៅដល់បញ្ហាការបែងចែកថវិកាទៅកាន់តំបន់ដែលទាក់ទាញ និងចាំបាច់ខ្លាំង ដូចជាអ៊ុយក្រែនជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ GICHD សម្រាប់ជំនួយដល់នៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការកសាងសមត្ថភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Information Management System) និងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ (Management of Residual Threat) ដែលក្រុមការងារបច្ចេកទេសរវាងភាគីទាំង២ កំពុងពិភាក្សាលើយុទ្ធសាស្រ្ត និងការរៀបចំទស្សនកិច្ចសិក្សា។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ កម្ពុជាសង្កត់ធ្ងន់លើអាទិភាពសកលភាវូបនីយកម្ម ដែលកម្ពុជាមានគម្រោងអនុវត្តតាមរយៈការប្រើប្រាស់យន្តការសភា ក្រសួងការបរទេស និងតាមរយៈកម្រិតបច្ចេកទេសសកម្មភាពមីន។

ជាមួយគ្នានេះ GICHD បានបញ្ជាក់ពីគោលជំហរក្នុងការបន្តគាំទ្រ Sponsorship ដល់ប្រទេសជារដ្ឋភាគី និងមិនមែនរដ្ឋភាគី ក្នុងការចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា របស់គណៈប្រតិភូប្រទេសដែលមានការខ្វះខាត៕