(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច បានចុះអនុស្សារណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានរៀបចំឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលចុះហត្ថលេខាដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ។

អនុស្សារណៈនេះបានផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច ។

ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖
- ការដាក់ QR Code ស្តង់ដាលើឯកសាររបស់ក្រសួងទាំងពីរ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh
- ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង
- ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ
- ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល
- ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
- ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ
- ការគិតគូរអំពីការរក្សាទុកទិន្នន័យ និងសុវត្ថិភាពនៃទិន្នន័យ។

ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាលើកទី៧ ហើយ ដែល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលមកដល់ពេលនេះ មានក្រសួងនិងគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៨ ហើយដែលបានចូលរួមជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល (Digital Government) និងពលរដ្ឋឌីជីថល (Digital Citizen) ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រខាងលើ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕