(ភ្នំពេញ)៖ រដ្ឋមន្ត្រីរ៉ែអាស៊ាន រួមគ្នាជំរុញតំបន់អាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព ដែលនឹងក្លាយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាននាពេល អនាគត ព្រមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ានរយៈពេលវែង ក្រោយឆ្នាំ២០២៥។

ការរួមគ្នារបស់រដ្ឋមន្រ្តីរ៉ែអាស៊ាន ជំរុញតំបន់អាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាពធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់នៃកិច្ចប្រជុំនេះ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ បានប្រាប់អ្នកសារព័តមានក្រោយបញ្ចប់កិច្ចប្រជុំនេះថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩បានអនុម័តនូវសេចក្តីប្រកាសស្តីពី «ការជំរុញអាស៊ានឱ្យក្លាយជាគោលដៅវិនិយោគប្រកបដោយចីរភាព»។

សេចក្ដីប្រកាសនេះ គឺជាសក្ខីកម្ម លើការតាំងចិត្តរួមគ្នា ក្នុងការធានាការផ្គត់ផ្គង់លោហៈធាតុ និងរ៉ែដទៃទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃរបត់សកលឆ្ពោះទៅកាន់បច្ចេកវិទ្យាកាបូនទាប និងតម្រូវការសម្រាប់ការវិវត្តន៍ថាមពល និងឌីជីថល ឱ្យស្របនឹងការជំរុញការបង្កើនប្រភពទាញយកផលិតផលរ៉ែ ដើម្បីលើកស្ទួយការប្រកួតប្រជែងក្នុង តំបន់ និងផ្សារភ្ជាប់ខ្លួនទៅទីផ្សារសកល។ ជាលទ្ធផល ការងារនេះនឹងជួយជំរុញអាស៊ានឱ្យក្លាយជា គោលដៅនៃការវិនិយោគរ៉ែប្រកបដោយចីរភាព។

លោកបន្តថា «ដើម្បីសម្រេចគោលដៅជំរុញតំបន់អាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព ការដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយត្រូវបានគាំទ្រនោះ គឺយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវវ៉ៃក្នុងតំបន់ (AMEXS-1)។ យុទ្ធសាស្ត្រនេះបានរៀបចំតាក់តែងនៅឆ្នាំ២០២៣ ហើយវាជាការខិតខំប្រឹងប្រែងរួម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភូគព្ភសាស្ត្រនៅអាស៊ាន ដែលរួមបញ្ចូលទាំងផែនការច្បាស់លាស់ក្នុងការ ប្រមូលនិងវិភាគទិន្នន័យ ដើម្បីបង្កើតជាមូលដ្ឋាន ក្នុងការទាក់ទាញយកការស្វែងរុករករ៉ែក្នុងតំបន់របស់យើង»។

លោកមានប្រសាសនទៀតថា «យើងមានមោទនភាពក្នុងការប្រកាសការអនុម័តគោលការណ៍អភិវឌ្ឍរ៉ែប្រកបដោយចីរភាពអាស៊ាន។ គោលការណ៍ទាំងនេះបានរំលេចនូវការតាំងចិត្តរបស់យើងក្នុងការធ្វើឱ្យកាន់តែប្រសើរជាបន្តបន្ទាប់នូវ ការអភិវឌ្ឍវិស័យរ៉ែ ប្រកបដោយអភិបាលកិច្ច សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ គោលការណ៍អភិវឌ្ឍន៍រ៉ែប្រកបដោយចីរភាពក្នុងតំបន់នេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាននាពេល អនាគត ព្រមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ានរយៈពេលវែង ក្រោយឆ្នាំ២០២៥»។

លោកបានលើកឡើងទៀតថា ការកំណត់យកគោលនយោបាយតំបន់ដើម្បីទ្រទ្រង់ការអភិវឌ្ឍនៃការជ្រើសយកខ្សែសង្វាក់តម្លៃរ៉ែសំខាន់ៗក្នុងតំបន់ មិនត្រឹមតែវាមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការផ្លាស់ប្ដូរទៅរកអនាគតកាបូនទាបប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែនឹងធានាឱ្យបានថាតំបន់អាស៊ាន នឹងក្ដាប់ឱ្យបានឱកាសក្នុងការកសាងឧស្សាហកម្មដោនស្ទីម និងផលិតកម្មបៃតង។ ការតាំងចិត្ដរួម យុទ្ធសាស្ត្ររួម និង ការទទួលស្គាល់នៃឧត្តមភាពនេះ នឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានទំនួលខុសត្រូវ ខ្ពស់ចំពោះបរិស្ថាន៕