(ស្ទឹងត្រែង)៖​ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង​ និងលោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ បានអញ្ជេីញជាអធិបតី​ ប្រគល់បណ្ណសម្គាល់ជនមានពិការភាពជូនជនមានពីការភាព​ចំនួន​ ១១៦នាក់។

បេីតាមលោក ស៊ុត វណ្ណា​ បានបញ្ជាក់ថា ពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាពនេះ ប្រារពធ្វើឡើងក្នុងគោល បំណងជំរុញផ្សព្វផ្សាយការធ្វើអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋានដល់ជនមានពិការភាព។ ផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនដល់ជនមានពិការភាព តំណាងជនពិការ និង ដើម្បីបើកផ្តល់បន្តដល់ជនពិការផ្ទាល់តាមរយៈឃុំសង្កាត់។ លើកកម្ពស់ផលប្រយោជន៍ជនមានពិការភាពតាមប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ស៊ុត វណ្ណា បានបន្ថែមថារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២០២ អនក្រ.បក. ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងប្រកាសលេខ២២៧ ស.អ.យ. ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ អត្តសញ្ញាណកម្មពិការភាព ឱ្យមានបទដ្ឋានរួមមួយ ប្រកបដោយសង្គតិភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងពិការភាព ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាពក្នុងការលើកកម្ពស់ជីវភាពការ ទទួលបាន។

សេវាសង្គមការអភិវឌ្ឍដល់ជនមានពិការភាព និងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅនៃកម្មវិធីប្រព័ន្ធ គាំពារសង្គម និងសេវាសង្គមផ្សេងៗទៀតប្រកបដោយសមធម៌ និងបរិយាបន្នស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ និងកៀងគរក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធឱ្យចូលរួមក្នុងការគាំពារ និងអភិវឌ្ឍន៍ជនមានពិការភាព។

នាឪកាសនោះដែរ​ លោក​ ស្វាយ សំអ៊ាង ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់គ្នា ជាពិសេសជនក្រីក្រស្ត្រីទុរគតចាស់ជរា និងជនមានពិការភាពដោយមិនប្រកាន់ជាតិសាសន៍ពណ៌សំបុលនិងនិន្នាការនយោបាយអ្វីឡើយ។
លោក ស្វាយ សំអ៊ាង បានមានប្រសាស៍គូសបញ្ចាក់ថា​ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារ សង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធិភាព និងចរីភាពហរិញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ ភាពក្រីក្រ  ភាពរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍន៍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។
ឆ្លៀតក្នុងឪកាសនោះដែរលោក​ ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ដ្រីទទួលបន្ទុកកំណត់អត្តសញ្ញាណកម្មពិការភាពទាំង ៣៤ ឃុំ សង្កាត់ ដែលបានអនុវត្តការងារនេះរហូតមកទទួលបានលទ្ធផលនាថ្ងៃនេះ៕