(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃកម្ពុជា លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី ៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះលោកបណ្ឌិត កៅ គឹមហួន ក៏អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងការទាក់ទាញរបស់តំបន់ក្នុងនាមជាគោលដៅវិនិយោគប្រកបដោយចីរភាព និងបានបញ្ជាក់ឡើងវិញថា ការអភិវឌ្ឍធនធានប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមផ្នែកបរិស្ថាននានា នៅតែជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់វិស័យរ៉ែ។

កិច្ចប្រជុំនេះបានពិភាក្សារកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងវិស័យរ៉ែ និងបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្ត និងតាមដានផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការរ៉ែ។ បន្ទាប់ពីកិច្ចប្រជុំនេះក៏មានកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយដៃគូខាងក្រៅរបស់អាស៊ាន រួមមាន៖ ទីភ្នាក់ងារថាមពលអន្តរជាតិ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) ជាដើម។

នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Lin Yang អនុប្រធានលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក។ នៅក្នុងឱកាសនោះភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌរ៉ែ ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើការជិតស្និទ្ធរួមគ្នង ដើម្បីទទួលបានផលផ្លែផ្កា ពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។

នៅល្ងាចថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងនៃកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី៩ និងពិធីប្រគល់ពានរង្វាន់រ៉ែអាស៊ានលើកទី៣។ ជ័យលាភីត្រូវបានទទួលស្គាល់ ដោយសារការបង្ហាញនូវការអនុវត្តល្អៗពាក់ព័ន្ធនឹងវិស័យរ៉ែ៕