(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមន៍ AMH របស់ប្រទេសបារាំង បានចុះមកពិនិត្យព្យាបាលជំងឺទូទៅ និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ដោយឥតគិតថ្លៃមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរី ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ ការព្យាបាលចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ ពេលរសៀល ចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាច។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមន៍ AMH របស់ប្រទេសបារាំង ចុះមកពិនិត្យព្យាបាលជំងឺទូទៅ និងផ្តល់ថ្នាំជូនដល់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីដោយឥតគិតថ្លៃ។

លោកបានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមន៍ AMH របស់ប្រទេសបារាំង មានក្រុមគ្រូពេទ្យចំនួន១៧នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត៣នាក់ ដឹកនាំមកព្យាបាលដោយលោកវេជ្ជបណ្ឌិត បូស ហ្វូរ៉ង់ ហើយអញ្ជើញមកនេះ តាមរយៈលោក គោ ស៊ុំសារឿត អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា កន្លងមកមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកជាច្រើនក្រុម រួមទាំងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ផងបានចុះមកពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋទូទៅនៅតាមក្រុង ស្រុកពិសេសនៅជនបទដោយ មិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ: ក្នុងបំនងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ក្នុងនោះលោកបានថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបារាំងទាំងអស់ បានចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីនេះ ដែលជួយជាមនុស្សធម៌សុខភាពរបស់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ៕