(កំពង់ឆ្នាំង)៖ ទូករុញជនចំនួន៥គ្រឿង និងមនុស្ស១០នាក់ ដែលកំពុងធ្វើសកម្មភាពរុញជនចាប់ត្រីពេលយប់ នៅចំណុចជ្រោយផ្កាយក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់បញ្ជូនមកកាន់សង្កាត់ រដ្ឋបាលជលផលបរិបូរណ៍ទាំងយប់ផងដែរ។

លោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា វេលាម៉ោង ៨៖៣០នាទីយប់ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ ប្រចាំការនៅកន្លែងអភិរក្សជ្រោយស្ដី ក្នុងនោះមានកម្លាំងនគរបាល នៃអគ្គស្នងការនគរបាលជាតិចំនួន២នាក់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២នាក់ និងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបចំនួន៤នាក់ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ សរុបមានចំនួន១០នាក់ បានចុះធ្វើការបង្ក្រាបការប្រើ ឧបករណ៍ជនចាប់ត្រីខុសច្បាប់នៅចំណុចខាងលើ។ ជាលទ្ធផលកម្លាំងចម្រុះបង្ក្រាបបានទូកបាឡាស្មាច់រុញជនចំនួន៥គ្រឿង និងមនុស្សចំនួន១០នាក់ នាំយកមកកាន់សង្កាត់រដ្ឋបាលជលផលបរិបូណ៌។

លោកបានបញ្ជាក់ទៀតថា ចំពោះវត្ថុតាងដងជន និងសាច់អួនជាគោលការណ៍ និងត្រូវតែកម្ទេចចោល ចំណែកម្ចាស់ទូកជាអ្នកធ្វើសកម្មភាពបទល្មើសខាងលើនេះ នឹងត្រូវធ្វើកិច្ចសន្យាដើម្បីឲ្យពួកគាត់បញ្ឈប់ការធ្វើសកម្មភាព នេសាទដោយប្រើឧបករណ៍ខុសច្បាប់។

បើថ្ងៃក្រោយករណីមិនរាងចាល នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែកចំពោះឧបករណ៍ទូក និងម៉ាស៊ីនលោកកំពុងតែសុំគោលការណ៍ពីថ្នាក់លើ តើត្រូវពិន័យអន្តរការណ៍ ឬអនុវត្តតាមនីតិវិធីបែបណានោះ លោកនឹងរង់ចាំបទបញ្ជាពីថ្នាក់លើសិន។

នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានបញ្ជាក់ទៀតថា ករណីធ្វើការនេសាទប្រើដោយឧបករណ៍រុញជនដូចខាងលើនេះ គឺជាលក្ខណៈតូចតាចនៅឡើយទេ តែបើឧបករណ៍ម្យ៉ាងទៀតហៅថា (ហ្ស៉ីប) ឧបករណ៍នោះមានរូបរាងដូចឧបករណ៍ជននេះដែរ ប៉ុន្តែទាំងដងឈើ និងកម្លាំងម៉ាស៊ីនគឺមានទំហំធំជាងឧបករណ៍ជន។

ចំណែកឧបករណ៍(ហ្ស៉ីប)នោះដែរ បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក៏មានធ្វើសកម្មភាពជាច្រើនគ្រឿងផងដែរ។ កម្លាំងរបស់លោកក៏កំពុងតែតាមឃ្លាំមើលជារៀងរាល់យប់ បើនៅតែមានធ្វើសកម្មភាព គង់តែថ្ងៃណាមួយ កម្លាំងរបស់លោកនឹងធ្វើការចាប់ឃាត់បាន ដោយមិនឱ្យរួចខ្លួននោះឡើយ៕