(ក្រចេះ)៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានជំនាញរដ្ឋបាលជលខេត្តក្រចេះ ចាប់ខ្លួនកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដោយសារជាប់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)។

ការចាប់ខ្លួននេះបានធ្វើឡើង ក្រោយកម្លាំងជំនាញរដ្ឋបាលជលផលក្រចេះ រួមជាមួយអធិការជលផលមេគង្គ គណៈកម្មការខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះល្បាតឃ្លាំមើលការប្រព្រឹត្តិបទល្មើសនេសាទ កាលពីយប់ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមភូមិសាស្រ្តក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្ក្រចេះ។

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានជំនាញចាប់ឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ពេជ្រ ម៉ែន អាយុ៤៥ឆ្នាំ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ជននេះគឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់នានាក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត នៅស្រុកសំបូរ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ កោះឲ្យចូលខ្លួនដើម្បីណែនាំ អប់រំ និងធ្វើកិច្ចសន្យា២ដងរួចមកហើយ ប៉ុន្តែជននេះនៅតែប្រព្រឹត្តិបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីដដែល។

*ទី២៖ ឈ្មោះ ធុ លី អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ។

របាយការណ៍បញ្ជាក់ទៀតថា ក្រៅពីមនុស្សពីរត្រូវបានចាប់ឃាត់ខ្លួន កម្លាំងជំនាញបានសម្រេចរឹបអូសវត្ថុតាមួយចំនួនរួមមាន៖

*ទូកស្មាច់១គ្រឿង បណ្តោយ ៥,៩ម ទទឹង ០,៧០ម ជម្រៅ០,៥០ម
*ម៉ាស៊ីនម៉ាកឡុងស៊ីន កម្លាំង២២សេស១គ្រឿង
*អាំងវែកទ័រឆក់ត្រីចំនួន២គ្រឿង (ឆក់ស្រូប១គ្រឿង និងឆក់ក្តៅ១គ្រឿង)
*អាគុយ៧០អាំព័រ១គ្រឿង
*កន្ត្រងដងត្រី២គ្រឿង
*ខ្សែកាប
*ខ្សែភ្លើងប្រវែង០៩ម
*ត្រីចម្រុះនៅក្នុងទូកប្រហែល២០ គ.ក្រ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ កសាងសំណុំឯកសារតាមនីតិវិធីបញ្ជូន ទៅកាន់សាលាដំបូងខេត្តក្រចេះ ចាត់ការបន្តតាមច្បាប់ស្តីពីជលផល។ បើយោងតាមច្បាប់ស្តីពីជលផល មាត្រា ៩៨ ត្រង់ចំណុចទី៤ ជនសង្ស័យត្រូវទទួលទោសជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ រីឯវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕