(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើសុំអាជ្ញាធរខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់បន្តអនុវត្តគោលការណ៍ណែនាំលេខ០០២​ និងបានធ្វើកិច្ចពិភាក្សា​ លើកជាយោបល់​ និងការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គោលការណ៍ណែនាំលេខ០០២​រួមមាន៖ វិធានការផ្សព្វផ្សាយ​ ការព្យាបាលស្តារនីតិសម្បទា និងការធ្វើសមាហរណកម្ម​ ការអនុវត្តច្បាប់ ការត្រួតពិនិត្យសារធាតុគីមីផ្សំការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាងជាប់ព្រំដែន និងការពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានលើកឡើងពីការពង្រឹងក្រមសីលធម៌​ សមត្ថភាពជំនាញក៏ដូចជា ការកសាងផែនការជាក់លាក់សម្រាប់ជាមូលដ្ឋានបម្រើដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវទិសស្លោកប្រឆាំងគ្រឿងញៀន «៣កុំ និង១រាយការណ៍»

ការស្នើសុំបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តព្រៃវែង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សាលាដំបូងខេត្ត អយ្យការអម សាលាដំបូងខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង។

ថ្លែងក្នុងនាម លោក សួន សុម៉ាលីន អភិបាល និងប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាឱកាសនោះ លោក ឌុច គន្ធា អភិបាលរងខេត្ត បានថ្លែងថា ក្រោយទទួលបានបទបញ្ជា និងសេចក្តីណែនាំនានារបស់ រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តបានខិតខំប្រឹងប្រែងពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅសុវត្ថិភាពសហគមន៍ ដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានសាទរនូវកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយទាំងអស់ដែរមានចូលរួមអនុវត្តនូវបទបញ្ជា និងសេចក្តីណែនាំនានា របស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសសេចក្តីណែនាំលេខ០០២ ស.ណ.ន ស្តីពីគោលការណ៍ណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅគោរពអនុវត្តនូវឆន្ទៈមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា៕