(ភ្នំពេញ)៖ អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពី គណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ រួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។

ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៥.៨.៣.៤ និងចំណុច ៥.៨.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដូចខាងក្រោម៖

ទី១៖ ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

គណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ ក្នុងន័យនេះត្រូវកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ១៩រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។

បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្ដល់ជូន។

ទី២៖ ការបង់ប្រាក់តម្កល់ចំនួន ១៥,០០០,០០០រៀល

គណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមានភ្ជាប់មកក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅអគ្គនាយកដ្ឋានរតនាគារជាតិអំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយបង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ចំនួន ១៥,០០០,០០០រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិលេខ ០០០០០០០០១១១១)។ បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្សនយោបាយត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពីអគ្គនាយកដ្ឋានរតនាគារជាតិ)៕