(ក្វាងស៊ី, ចិន)៖ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ គឺជាឫស្សគល់អត្តសញ្ញាណដ៏សំខាន់របស់ជាតិ​សាស្ត្រ​​នីមួយៗ ក៏ដូចជានៅតាមតំបន់នីមួយៗ។ ខេត្តក្វាងស៊ី គឺជាខេត្តដែលមានវប្បធម៌ដ៏ចំណាស់មួយ​របស់ចិន ហើយវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ បានសាបព្រោះ​ទៅ​កាន់ប្រជាពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានកាលពីសម័យបុរាណជាច្រើនជាច្រើនផងដែរ។

ចិនសម័យបច្ចុប្បន្នបើទោះបីគិតគូរខ្ពស់លើការកសាងសេដ្ឋកិច្ចឱ្យចម្រើនលូតលាស់យ៉ាងណាក្តី តែពួកគេក៏​បានយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំ និងចងក្រងនូវប្រវត្តិវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការ​រស់​​នៅរបស់ប្រជាពលរដ្ឋរបស់គេពីបុរណាទៅតាមតំបន់នីមួយៗ។ ពួកគេក៏បានប្រែក្លាយតំបន់វប្បធម៌ ដែល​​រៀបចំទាំងនោះទៅជាកន្លែងទេសចរណ៍សម្រាប់ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាកន្លែងសិក្សារៀន​សូត្រឈ្វេងយល់របស់សិស្ស និស្សិតចិនទៅលើប្រវត្តិវប្បធម៌របស់ខ្លួនផងដែរ។ បន្ថែមពីលើនោះ ចិន ក៏បានប្រឹងប្រែងផ្សព្វផ្សាយពីវប្បធម៌របស់ពួកគេទៅកាន់ពិភពខាងក្រៅផងដែរ។

ក្នុងសប្តាហ៍នេះ អ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ានចំនួន៨ រួមមានកម្ពុជា ថៃ ឡាវ ហ្វីលី​ពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ត្រូវបានរៀបចំបំពេញទស្សនកិច្ចនៅខេត្តក្វាងស៊ី ដើម្បី​បង្ហាញ​ពីការអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍របស់ខេត្ត។

ក្នុងឱកាសស្នាក់នៅក្នុងណាននីង មុននឹងបន្តដំណើរទៅកាន់តំបនដទៃទៀតនោះ នៅថ្ងៃអង្គារ ទី២៤ ខែ​តុលា ឆ្នាំ២០២៣ ប្រតិភូសារព័ត៌មានកម្ពុជា ដឹកនាំដោយលោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គ​នាយក​ដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន រួមមានអង្គភាពព័ត៌មាន Fresh News ផងដែរ​នោះ ក៏ដូចជាអ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ានដទៃទៀត ត្រូវរៀបចំឱ្យទស្សនកិច្ច​នៅ​សារ​មន្ទីរ​​ស្គរ និងតំបន់ទេសចរណ៍ថ្មើរជើងមួយកន្លែងទៀតដែលមានឈ្មោះថា «Three Streets and Two Lanes»។ កន្លែងទាំងពីរនេះ ជាតំបន់ទេសចរណ៍ផ្នែកវប្បធម៌ដ៏ល្បាញល្បីនៅក្នុងក្រុងណាននីង ហើយក៏​ជា​​កន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ពលរដ្ឋក្នុងក្រុងណាននីង ក៏ដូចជាខេត្តក្វាងស៊ី​ផង​ដែរ​។

សារមន្ទីរស្គរ មិនត្រឹមតែជាសារមន្ទីរប្រមូលផ្តុំ និងសិក្សាពីវប្បធម៌របស់ជនជាតិភាគតិចនោះទេ សារមន្ទីរ​នេះ​ក៏ជាទី​តាំងតែមួយគត់ដែលមាននូវស្គរស្ពាន់តំណាងនូវអំណាចច្រើនជាងគេ​ក្នុងពិភពលោក។

តាមរយៈការប្រារព្ធខួប ៥០ ឆ្នាំនៃតំបន់ស្វយ័តជនជាតិជួង ខេត្តក្វាងស៊ីកាលពីឆ្នាំ២០០៨ រដ្ឋាភិបាលចិន​បានអនុញ្ញាតឱ្យសង់សារមន្ទីរជនជាតិភាគតិចរបស់ចិនដ៏ធំមួយចំកណ្តាលក្រុងណាននីង ក្វាងស៊ី ដើម្បី​បើក​ឱ្យទេសចរជាតិ និងអន្ដរជាតិចូលទស្សនាដោយឥតគិតថ្លៃ ព្រមទាំងបានស្វែង​យល់នូវវប្បធម៌ អរិយ​ធម៌​របស់ជនជាតិភាគតិចពាក់ព័ន្ធនឹងការប្រើប្រាស់ស្គរតំណាងនាសម័យនោះ។

សារមន្ទីរស្គរយក្សនេះស្ថិតនៅលើមាត់ទន្លេយ៉ុងយ៉ាង ខាងត្បូងភ្នំឈីងស៊ូសង់លើផ្ទៃដីជាង៨,៦៦៧ ម៉ែត្រ​ការ៉េ និងមានអគារ ៤ជាន់ហើយត្រូវបានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៩។ គោលបំណង​ចម្បង​នៃសារមន្ទីរស្គរយក្សមួយេនះ គឺប្រមូលផ្តុំសិក្សាអភិរក្សនិងផ្សព្វផ្សាយពីវប្បធម៌របស់ជនជាតិភាគតិច​ចំនួន១២អម្បូរដែលរស់នៅប្រទេសចិនប៉ែកអាស៊ីភាគអាគ្នេយ៍។

អគារពិព័រណ៍នេះមាន ៦សាលពិព័រណ៍ធំៗ រួមមានសាលវប្បធម៌ស្គរស្ពាន់ដែលធំនិងចាស់ ហើយមាន​ច្រើន​ជាង​គេក្នុងប្រទេសចិន ទីពីរសាលពិព័រណ៍នៃភាពចម្រុះវប្បធម៌ប្រពៃណីជីវភាព​រស់នៅជនជាតិ​ភាគ​តិច​ដូចជាជនជាតិជួង មៀវ យ៉ាវ តុង ហ្វុយ ឈីង សួយ អ៊ី កឺឡាវ៊ី មុឡាន និងម៉ៅតានជាដើម។

នៅសារមន្ទីរនេះ បានបង្ហាញស្គរស្ពាន់ដ៏ចំណាស់ ដែលខ្លះមានអាយុកាលតាំងពីសតវត្សរ៍ទី១ នៃគ.ស ដល់សតវត្សរ៍ទី ៤ ទៅ ៧។ ស្គរត្រូវបានប្រជាពលរដ្ឋចិនចាត់ទុកជាតំណាងដ៏សំខាន់របស់មេកន្ទ្រាញ និងមេដឹកនាំប្រើដើម្បីនាំនូវភាពជោគជ័យ។ ស្គរក្នុងសាលពិព័រណ៍មានក្បូរក្បាច់រចនាផ្សេងៗគ្នា និងមាន​អត្ថន័យខុសៗពីគ្នាក្នុងនោះជនជាតិជួងក៏បានឆ្លាក់រូបកង្កែបនៅលើស្គរដែលជានិមិត្តរូបមួយបង្ហាញថាសត្វកង្កែបជាសត្វស្លូតល្អ និងនាំសំណាងគឺទឹកភ្លៀងដ៏ត្រជាក់ត្រជុំ។

ក្រៅតែពីបង្ហាញស្គរដែលជាវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្តក្វាងស៊ីហើយនោះ ក្នុងសារ​មន្ទីរ​នេះ ក៏មានបង្ហាញពីវប្បធម៌រស់នៅ ការស្លៀកពាក់ ការនេសាទត្រី និងការធ្វើស្រែ ដែលជាភាពប៉ិន​ប្រសប់​មួយ​របស់ជនជាតិភាគតិចនៅក្នុងខេត្តក្វាងស៊ីនេះ។ បន្ថែមពីលើនេះ ជនជាតិដើមភាគតិចនៅក្នុង​ខេត្ត​ក្វាងស៊ីនេះ ក៏ចេះត្បាញ់ក្រណាត់ច្នៃជាសម្លៀកបំពាក់ថែមទៀតផង។ អ្វីដែលគេកត់សម្គាល់នោះ ការស្លៀកពាក់ សម្ភារៈប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ឧបករណ៍តន្ត្រី ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងរបរធ្វើស្រែ គឺលក្ខណៈស្រដៀងគ្នាច្រើន ទៅនឹងប្រទេសសមាជិកអាស៊ាន។ តាមរយៈភាពភាពស្រដៀងគ្នាលើវប្បធម៌​ទាំង​អស់នោះហើយ ដែលនាំឱ្យគេសន្និដ្ឋានថា ពលរដ្ឋខេត្តក្វាងស៊ីរបស់ចិន មានទំនាក់ទំនាក់ទំនង់យ៉ាង​ជិតស្និទ្ធជាមួយ​ប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីយូរលង់ណាស់មកហើយ។

បន្ទាប់ពីបានទស្សនាសារមន្ទីរស្គរប្រកបដោយការជក់ចិត្តដិតអារម្មណ៍ខ្ពស់ហើយនោះ អ្នកសារព័ត៌មានពី​ប្រទេសសមាជិកអាស៊ាន ក៏ត្រូវបានទៅកាន់វិថីទេសចរណ៍ ដែលមានឈ្មោះថា «Three Streets and Two Lanes»។

វិថីទេសចរណ៍នៅកណ្តាលក្រុងណាននីងនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់សម្រាប់អ្នក​ទេស​ច​រ​ក្នុង​ស្រុកទៅដើរលេងកម្សាន្ត។ តំបន់ទេសចរណ៍មួយនេះ មានប្រវត្តជាប់ទាក់ទងជាមួយ​រជ្ជកាល​នៃព្រះចៅអធិរាជរបស់ចិនជាច្រើន រួមមានរជ្ជកាលសុង រជ្ជកាលឈីង និងរជ្ជកាលហានផងដែរ។

តំបន់នេះប្រមូលផ្តុំទៅដោយអគារចាស់ៗបុរាណ ហើយក៏មានអគារខ្លះត្រូវបានជួសជុលឡើងវិញផង​ដែរ។ នៅទីតាំងនេះ ក៏មានការរំលេចនូវប្រវត្តិសាវតារជាច្រើនពាក់ព័ន្ធវប្បធម៌នៃការរស់នៅរបស់ប្រជា​ពលរដ្ឋ។ បច្ចុប្បន្នតំបន់នេះ បានក្លាយទៅជាវិថីលក់ម្ហូបអាហារក្នុងស្រុក និងអាហារប្រេនមកពីលោកខាង​លេច ដូចជា starbucks KFC និងការ៉េម Dairy Queen ជាដើម។

វិថីទេសចរណ៍មួយនេះ ទទួលបានការចាប់អារម្មណ៍មកលេងកម្សាន្តមិនមែនតែយុវវ័យប៉ុណ្ណោះទេ តែមនុស្សវ័យចំណាស់ក៏បានមកលេងកម្សាន្តនៅតំបន់នេះផងដែរ៕