(ភ្នំពេញ)៖ លោក មួង សូនី ប្រធានក្រុមការងារ ១០០រាត្រី បានអំពាវនាវដល់យុវជន សិស្សានុសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមផ្សព្វផ្សាយការដាក់បញ្ចូលប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈហ្វេសបុក Facebook Telegram និង Tik Tok និងប្រពន្ធផ្សព្វផ្សាយសង្គមដទៃទៀត ដើម្បីឱ្យពិភពលោកបានដឹង បានឮអំពីព័ត៌មាននេះ។ ការសម្រេចនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រធានក្រុមការងារ ១០០រាត្រី តាមរយៈសារវីដេអូ បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលរួមគ្នាជំរុញឱ្យអង្គការជាតិ-អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សម្រេចទទួលយក «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក មួង សូនី ក៏បានគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរចូលរួមអបអរសាទរនូវមោទនកភាពជាតិ ដែលកម្ពុជា ទើបទទួលបាននេះ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕