(ភ្នំពេញ)៖ លោក មួង សុភ័ក្រ្ត ប្រធានក្រុមនិសិ្សតអ្នកស្រាវជ្រាវវ័យក្មេង សូមអបអរសាទរដោយមោទនភាពដែលប្រាសាទកោះកេរ កម្ពុជា ត្រូវបានដាក់ចូលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ ហើយក៏រីករាយដែលអរិយធម៌ត្រូវផ្សព្វផ្សាយដល់ពិភពលោកជាបន្តបន្ទាប់។

លោកក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងនាំមកនូវសុខសន្តិភាព ជាពិសេសបានអភិរក្សប្រាសាទបុរាណបន្សស់ពីដូនតា និងបែកបាក់នៅអំឡុងសម័យសងង្គ្រាម រហូតធ្វើឱ្យប្រាសាទទាំងនោះបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។

លោក មួង សុភ័ក្ត្រ ក៏បានអំពាវនាវដល់យុវជន សិស្សិ និស្សិត ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមផ្សព្វផ្សាយការដាក់បញ្ចូលប្រាសាទកោះកេរ ចូលជាបេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញសង្គមនានាដើម្បីឱ្យពិភពលោកបានដឹង បានលឺអំពីព័ត៌មាននេះ។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕