(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការ​អះ​អាងមួយនៅចំពោះមុខប្រជាពលរដ្ឋថា សម្តេចមិនឱ្យកម្ពុជា បាត់អត្តសញ្ញាណ បាត់អធិប​តេយ្យជាតិ ហើយស្ថិតរណបក្រោមប្រទេសណាមួយនោះឡើយ។

ការថ្លែងអះអាងរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីមាន​ក្រុមមនុស្សមួយចំនួនវាយប្រហារចោទប្រកាន់ទៅលើដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន ក៏ដូចជាការប្រកាសប្រកាន់យកនយោបាយចិនតែមួយ ជាការធ្វើឱ្យបាត់អធិប​តេយ្យជាតិ ក្លាយជាកូនចឹង ឬជាប្រទេសរណបរបស់ចិនជាដើម។

ថ្លែងលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹក​ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច តែកម្ពុជាមានឯករាជ្យ និងអធិបតេយ្យជាតិ ហើយសម្តេចបានអង្គុយជជែក​ដោយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំចិន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត។

សម្តេចធិបតី បានបញ្ជាក់ដូច្នេះ «យើងចូលប្រជុំធ្វើការជាមួយមិត្តភក្តិ ក្នុងស្មារតីគោរព​អធិប​តី​ភាពគ្នាទៅវិញ និងគោរព​ផល​ប្រយោជន៍គ្នាទៅវិញស្មើមុខស្មើមាត់ មិនថាប្រទេសតូច ប្រទេស​​ធំ។ ប្រទេសតូចកម្ពុជា នៅ​អង្គុយទល់មុខប្រធានាធិបតី ស៊ី ជិនពីង ប្រធានាធិប​តីចិន ទល់មុខប្រធានសភាចិន ទល់​មុខ​​​ជាមួយនាយករដ្ឋមន្ត្រីចិន ទល់មុខនាយករដ្ឋមន្ត្រី​ជប៉ុន ទល់មុខប្រធានាធិបតីកូរ៉េ យើង​ចរចាក្នុងនាមរដ្ឋអធិបតេយ្យភាពមួយ ដែលចេញ​ទៅ​ការ​ពារផលប្រយោជន៍ប្រជាពលរដ្ឋ»

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៧ ខែ​កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរនយោបាយមួយច្បាស់លាស់បន្តពី​នយោយរាជរដ្ឋាភិបាលចាស់ គឺការប្រកាន់យកនយោបាយចិនតែមួយ និងបន្ត​លើកកម្ពស់​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការនានាកាន់តែស៊ីជម្រៅថែមទៀតជាមួយប្រទេសចិន។

ទាំងការជ្រើសយកដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ចិន ក៏ដូចជាការបង្ហាញបន្ទាត់​នយោ​បាយការបរទេសជាមួយចិននេះ នាំក្រុមអ្នកអត្ថាធិប្បាយ អ្នកនយោបាយ រួមទាំងវិទ្យុ​មាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាលនោះ នាំគ្នាបរិហារថា អ្វីដែលសម្តេចធិបតីបានធ្វើជាការ​រណប​ចិន បាត់បង់អធិបតេយ្យភាពជាតិ និងបាត់ប្រយោជន៍ជាតិជាដើម។

ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាមួយ​ប្រជាពលរដ្ឋថា ការដឹកនាំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំរបស់បក្សប្រជាជនកម្ពុជា មិនធ្វើ​ឱ្យបាត់បង់តម្លៃអធិបតេយ្យភាពជាតិ កម្ពុជាក្លាយទៅជាកូនចឹង ឬរណបប្រទេសណាមួយ​នោះ​ឡើយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអះអាងយ៉ាងមុតមាំយ៉ាងដូច្នេះ «ខ្ញុំមានកូនរបស់ខ្ញុំ កូនរបស់ខ្ញុំនឹងបង្កើតកូន ខ្ញុំនឹងមានចៅ ចៅរបស់ខ្ញុំបង្កើតកូន ខ្ញុំនឹង​មាន​ចៅទួត ចៅលួត ចៅលា។ រាប់សិបឆ្នាំបន្តទៅទៀត ខ្ញុំមិនចង់ឱ្យកូនខ្មែរ ចៅរបស់ខ្ញុំ ចៅទួតខ្ញុំ ត្រូវបានបាត់​អត្តសញ្ញាណ ឬមួយទៅជាជនជាតិខ្មែរនៅក្រោមរណបនរណាមួយទេ មិនអាច​ធ្វើ​បានទេ។ [...] ជឿទុកចិត្តចុះជំនាន់ចៅទួត ចៅលួត ចៅលា របស់បងប្អូន និងរបស់ខ្ញុំ កម្ពុជា​កាន់តែរឹងមាំ អធិបតេយ្យភាពត្រូវតែរក្សាឱ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ»

ទន្ទឹមធានាអះអាងជាថ្មីនូវជំហរដឹកនាំការពារឧត្តមប្រយោជន៍ជាតិ ប្រជាជន ការពារ​អធិប​តេយ្យភាពជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញជំហរការបរទេសរបស់​កម្ពុជាជម្រាបជូនជនរួមជាតិផងដែរ។

សម្តេចធិបតី បានបញ្ជាក់ថា នយោបាយការទូតរបស់កម្ពុជាជាមួយប្រទេសជាមិត្តទាំងអស់ គឺប្រកាន់យកនិរន្តរភាព (CONTINUITY) និងសង្គតិភាព (CONSISTANCY)។ បន្ថែម​ពី​លើនោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោល​ការណ៍ឯករាជ្យ ផ្អែកលើច្បាប់ ប្រកបដោយភាពវៃឆ្លាត និងតម្កល់ប្រយោជន៍ជាតិជាចម្បង៕