(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសារអបអរសាទរ ដល់ទិវាប្រវត្តិសាស្ត្រក្នុងការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ ខែកកញ្ញា ឆ្នាំ២០២៣។

ក្នុងលិខិតរបស់រដ្ឋសភាកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការទាំងអស់ន អគ្គលេខាធិការដ្ឋានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយជាអតិបរិមា និងសូមចូលរួមអបអរសាទរប្រកប ដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុង សម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ កោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ»

ព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវកំពូលស្នាដៃដ៏មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ ដែលមានតម្លៃសកលពុំអាចកាត់ថ្លៃបាន និងជាមហាសមិទ្ធផលប្រកបដោយកិត្យានុភាពដ៏ ខ្ពង់ខ្ពស់របស់ប្រជាជាតិខ្មែរ ដែលទទួលបានការចុះបញ្ជីជាបន្តបន្ទាប់ កើតចេញពីការខិតខំប្រឹងប្រែងឥត រាថយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្រដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងការលើកកម្ពស់ និងថែរក្សាតម្លៃបេតិកភ័ណ្ឌជាតិ។

ជាមួយគ្នានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវអំណរព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងដួងវិញ្ញាណក្ខន្ធ អតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុក នូវសម្បត្តិវប្បធម៌ដ៏ល្អឯក ដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរពុំអាចកាត់ថ្លៃបាន សម្រាប់កូន ចៅគ្រប់ជំនាន់តរៀងទៅ និងសម្រាប់ពិភពលោកទាំងមូល៕