(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ​ បានប្រកាសជាថ្មីពីគោលនយោបាយអាទិភាពចំនួន៦​ ដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញ និងអនុវត្តន៍បន្ទាន់ ដើម្បីបម្រើដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ការប្រកាសជាថ្មីអំពីគោលនយោបាយអាទិភាពទាំង ៦នេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូង ក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិតបានថ្លែងពីគោលនយោបាយទាំង៦ រួមមាន៖

១៖ ការពង្រីកសេវាថែមទាំសុខភាព ឱ្យបានជូនដល់ប្រជាពលរដ្ឋគោលដៅចំនួន ៩លាននាក់ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ តាមរយៈយន្តការចំនួន២ គឺទី១ មូលនិធិសមមធ៌សុខាភិបាល ជួយដល់ការថែមទាំងសុខភាព ដល់គ្រួសារងាយរងគ្រោះ និងហានិភ័យចំនួន ៥០ម៉ឺនគ្រួសារ ដែលមានសមាជិក ១.៨លាននាក់ និងទី២៖ ការពង្រីកការគ្រប់ដណ្តប់ ការទទួលបានបណ្ណ ប.ស.ស ដល់អ្នកដែលនៅក្នុងបន្ទុករបស់កម្មករ និយោជិត តាមរយៈការស្មគ្រចិត្តបដិភាគ ក្នុងគោលដៅចំនួន ៣លាននាក់។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការពង្រាយសេវាសុខាភិបាល នៅតាមខេត្តឱ្យច្រើនថែមទៀត ដើម្បីផ្តល់សេវា ជូនប្រជាពលរដ្ឋកាន់តែជិត និងងាយស្រួល។

២៖ ការបណ្តុះបណ្តាលជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ ដែលមានគោលដៅចំនួន ១.៥លាននាក់។ ការបណ្តុះបណ្តាលជំនាញនេះ មានវគ្គខ្លី វគ្គមធ្យម វគ្គវែង ហើយយុវជនដែលសិក្សា មិនត្រឹមតែមិនបង់ប្រាក់ទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

៣៖ ការពង្រីកការគ្រប់ដណ្តប់កម្មវិធីជាតិជួយសង្គម និងគ្រប់ខណ្ឌគាំពារសង្គម លើប្រជាពលរដ្ឋប្រមាណ ៤.៥លាននាក់ តាមរយៈទី១៖ កម្មវិធីជាតិជួយសង្គម ជាកញ្ចប់គ្រួសារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជួយគ្រួសារក្រីក្រ ងាយរងគ្រោះជាង ៧០ម៉ឺនគ្រួសារ សរុបជាង២.៨លាននាក់។ ទី២៖ពង្រីកក្របខណ្ឌគាំពារ ដើម្បីឆ្លើយតបនូវគ្រោះអាសន្ន សម្រាប់ទ្រទ្រង់ផ្តល់ការគាំពារ ជូនប្រជាជនមានលក្ខខណ្ឌជាប្រព័ន្ធដើម្បីឱ្យមាននិរន្តភាព។

៤៖ ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នករត់កង់បី កម្មករសំណង់ អ្នកលក់ដូរជាដើម ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

៥៖ ដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ សម្រាប់ជួយដល់វិស័យកសិកម្ម។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកា១០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍ដល់កសិផល ផលិតផលកសិកម្ម ស្រូវ អង្ករ បន្លែជាដើម តាមរយៈកម្មវិធីផ្សេងៗ ដែលចាំបាច់របស់រាជរដ្ឋាភិបាល។

៦៖ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្ម។ ត្រង់ចំណុចនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីណែនាំឱក្រសួងពាក់ព័ន្ធត្រូវជ្រើសរើសមន្ត្រីកសិកម្ម ឱ្យបានច្បាស់ ផ្តល់អាទិភាពដល់និស្សិតដែលមានជំនាញកសិកម្ម ហើយត្រូវរើសឱ្យមានតម្លាភាព និងយុត្តិធម៌៕