(ភ្នំពេញ)៖ កម្ពុជា-ទីម័រខាងកើត បានឯកភាពគ្នាពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង លើកកម្ពស់វិស័យសេដ្ឋកិច្ច និងវប្បធម៌ កសាងទំនាក់ទំនងរវាងប្រជាជនឱ្យកាន់តែរឹងមាំ។

កាបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហ្វ្រង់ស៉ីស្កូ កាល់បូឌីឡាយ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

គួរជម្រាបថា ជំនួបពិភាក្សាទ្វេភាគីនេះគឺផ្ដោតលើសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរសម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ។

នាឱកាសនោះ លោក សុខ សូកេន និងលោក ហ្វ្រង់ស៉ីស្កូ កាល់បូឌីឡាយ បានប្តេជ្ញាចិត្តពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីម័រខាងកើត ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង លើកកម្ពស់វិស័យសេដ្ឋកិច្ច និងវប្បធម៌ កសាងទំនាក់ទំនងរវាងប្រជាជនឱ្យកាន់តែរឹងមាំ និងជួយជំរុញទំនុកចិត្តនិងផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀតសម្រាប់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី សុខ សូកេន បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសទីម័រខាងកើត លើការរៀបចំសកម្មភាពនានាក្នុងវិស័យទេសចរណ៍ ក៏ដូចជាការផ្លាស់ប្តូរមន្ត្រីជំនាញទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសទីម័រខាងកើត សម្រាប់ការបន្តរក្សានិងពង្រឹងទំនាក់ទំនងទ្វេភាគីបានយ៉ាងល្អប្រសើរ ចាប់តាំងពីរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមកដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧។

លោក ហ្វ្រង់ស៉ីស្កូ កាល់បូឌីឡាយ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ហើយបានរំលឹកផងដែរនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

លោកឧបនាយករដ្ឋមន្ត្រីទីម័រខាងកើតក៏បានរំលឹកពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦ ថាបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីអំពីបំណងរបស់ប្រជាជនទីម័រដែលចង់មកទស្សនានៅកម្ពុជា ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ៕