(បាត់ដំបង-បន្ទាយមានជ័យ)៖​ មួយថ្ងៃពេញនៃបេសកកម្មនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខាភិបាលមូលដ្ឋាន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ក្នុងខេត្តបាត់ដំបង និងបន្ទាយជ័យផងដែរ។

ក្នុងឳកាសនោះ លោករដ្ឋមន្ដ្រី ឈាង រ៉ា បានថ្លែងថា ក្នុងនាមលោកជាអ្នកបន្ដវេន ក្នុងការដឹកនាំក្រសួងសុខាភិបាលក្នុងអណត្ដិទី៧នេះ លោកនឹងខិតខំប្រឹងប្រែងដំណើរការងារឱ្យបានប្រសើរឡើង ដើម្បីជាការដឹងគុណដល់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានអនុវត្ដន៍ការងារកន្លងមក។ ដូច្នេះវិធីសាស្ត្របន្ដទៅនេះ លោកសាស្ដ្រាចារ្យ បានអំពាវនាវដល់មន្ដ្រីបុគ្គលិក ត្រូវតែបុរេសកម្ម និងពួតដៃគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ។

លោកសាស្ដ្រាចារ្យបន្ដថា សុខភាពជាគោលដៅសំខាន់ដែលប្រជាពលរដ្ឋទន្ទឹមរង់ចាំ ព្រោះសុខភាពជាទ្រព្យសម្បត្ដិដ៏មានតម្លៃសម្រាប់ពលរដ្ឋយើង។ ដើម្បីសម្រេចជោគជ័យលើវិស័យសុខាភិបាលនេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍ដល់មន្រី្ដ-បុគ្គលិក ដើម្បីអនុវត្ត ដូចជា៖

១៖ បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង។

២៖ បន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលក្នុងនោះត្រូវលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ជំងឺរបេងនាឆ្នាំ២០៣០ និងជំងឺអេដស៍ (៩៥ ៩៥ ៩៥) នាឆ្នាំ២០២៥។

៣៖ ទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងជាសាកលដែលកើតមាន។

៤៖ ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង។ល។

៥៖ ប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

៦៖ ធ្វើឱ្យកាន់តែប្រសើរឡើងការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងកម្មវិធីគាំពារសង្គម ដូចជាប.ស.ស មូលនិធិសមធម៌។

៧៖ លើកកម្ពស់គុណភាពថែទាំ ទាំងសេវាសាធារណៈ និងឯកជន។

៨៖ អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលទូទាំងប្រទេស ដើម្បីបញ្ជូនអ្នកជំនាញឱ្យដល់មូលដ្ឋាន ពោលគឺបង្ខិតសេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ។

៩៖ អភិវឌ្ឍន៍សុខភាពឌីជីថល។

លោករដ្ឋមន្ដ្រីបានបន្ដទៀតថា អាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧នេះ គឺសេវាថែទាំដែលនឹងត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត ដោយនៅចំពោះមុខនេះ ក្រសួងនឹងអនុវត្តផែនការសកម្មភាពចំនួន៣ រួមមាន៖
*ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអគារ បំពាក់សម្ភារៈបរិក្ខារបន្ថែម រួមទាំងការផ្គត់ផ្គង់ឱសថ ពង្រឹងសមត្ថភាព បុគ្គលិក ដើម្បីធានាការផ្តល់សេវា២៤ម៉ោង

*ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ នៃសេវាទាំងនៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ព្រមទាំងនិយ័តកម្មសេវាឯកជនឱ្យកាន់តែប្រសើរឡើង និងត្រូវយកសេវាឯកជនជាដៃគូនឹងសេវាសាធារណៈ។

*ពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់លើភាពជាអ្នកដឹកនាំ ជំនាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តខាងលើ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក «ត្រូវមានស្មារតីរួបរួមសាមគ្គី, ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវា, បញ្ជូនអ្នកជំងឺឱ្យបានរហ័ស ទាន់ពេលវេលា និងសមរម្យ, ត្រូវស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងសមស្រប, ត្រូវទទួលខុសត្រូវចំពោះភារៈកិច្ច និងកាតព្វកិច្ចរបស់ខ្លួន, ត្រូវគោរពការសម្ងាត់វិជ្ជាជីវៈ, ត្រូវគោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ, ត្រូវគិតផលប្រយោជន៍រួម និងត្រូវគោរពឋានានុក្រមការងារ»

សូមជម្រាបថា ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យវឌ្ឍនការងារនៅតាមមូលដ្ឋានសុខាភិបាល លោករដ្ឋមន្ដ្រី ឈាង រ៉ា ក៏បានស្វែងយល់អំពីដំណើរវិវឌ្ឍនៃការបម្រើសេវាព្យាបាលប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងខេត្ដចំនួនពីរខាងលើនេះ ។ក្នុងនោះលោកសាស្ដ្រាចារ្យ ក៏បានផ្ដល់គន្លឹះនៃព្យាបាលប្រជាពលរដ្ឋ ពិសេសសារៈប្រយោជន៍ការសង្គ្រោះបន្ទាន់ដល់ក្រុមគ្រូពេទ្យ ដើម្បីអនុវត្ដកាន់តែមានប្រសិទ្ធជូនពលរដ្ឋ។

គួររម្លឹកថា បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានអនុវត្ដការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗតែម្ដង។ សម្រាប់ជាជំហានដំបូងនេះ លោកសាស្ដ្រាចារ្យ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៣ ដោយ២ថ្ងៃដំបូងនេះ គឺបានចុះពិនិត្យនូវដំណើរការងាររបស់មន្ដ្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្ដបាត់ដំបង បន្ទាយមានជ័យ ហើយនឹងបន្ដបេសកកម្មការងារនៅថ្ងៃស្អែក តាមគោលដៅដែលបានគ្រោងទុក៕