(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-ចិន ២០២៣ និងជូនដំណើរនិស្សិតអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន សរុបប្រមាណ២០០នាក់ ក្រោមការឧបត្ថម្ភ និងគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក WANG WENTIAN ឯកអគ្គរដ្ឋទូត នៃស្ថានទូតចិនប្រចាំកម្ពុជា។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំស្ថានទូតចិន ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺ តំណាងមូលនិធិមុទិតា តំណាងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រុមការងារសមាគមនិស្សិត ផងដែរ។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សតកម្ពុជាប្រចាំសារណរដ្ឋប្រជាមានិតចិន និងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា នេះជាកិត្តិយសណាស់ ដែលសមាគមនិស្សិតទទួលបានឱកាសក្នុងការរៀបចំពិធីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-ចិន និងជូនដំណើរបងប្អូននិស្សិតទៅបន្តការសិក្សានៅប្រទេសចិន។

ពិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាពយុវជនកម្ពុជា-ចិន ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ព្រមទាំងលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់និស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំសិក្សា២០២៣-២០២៤ ដែលត្រៀមហោះហើរទៅសិក្សានៅប្រទេសចិន នៅចុងខែសីហានេះ ដែលគ្រោងទៅបន្តការសិក្សានៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងធានជីង និងតាមបណ្តាខេត្តផ្សេងៗទៀតនៃប្រទេសចិន។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលទាំងពីរ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិន។ សមាគមនិស្សិត បានប្តេជ្ញាបន្តខិតខំជួយសម្របសម្រួលយុវជននិស្សិត ទៅបន្តការសិក្សានៅប្រទេសចិនកាន់តែច្រើនឡើង តាមរយៈបេសកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ក្នុងស្រុក និងស្វែងរកអាហារូបករណ៍នៅប្រទេសចិន។

ជាមួយគ្នានោះដែរ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានផ្តាំផ្ញើរនិស្សិត ដែលត្រូវបន្តការសិក្សានៅប្រទេសចិន ត្រូវខិតខំប្រឹប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងមកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបំពេញកាត្វកិច្ចជានិស្សិតឲ្យបានល្អប្រសើរ ក្នុងនាមជានិស្សិតកម្ពុជា ព្រមទាំងចូលរួមផ្សព្វផ្សាយវប្បធម៌ និងអរិយធម្មខ្មែរ ឲ្យបានទូលំទូលាយ ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគចិន និងអ្នកទេសចរចិន មកកំសាន្ត និងវិនិយោគនៅកម្ពុជា។

លោក WANG WENTIAN បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានឆ្លៀតពេលចូលរួមពិធីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-ចិន 2023 និងជូនដំណើរនិស្សិតអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។

ឯកអគ្គរដ្ឋទូត បានថ្លែងថា «កម្ពុជាប្រាកដជានឹងដើរឆ្ពោះទៅរកយុគសម័យថ្មីនៃភាពរុងរឿង និងរឹងមាំ។ ក្នុងនាមជាមិត្តដ៏រឹងមាំ ប្រទេសចិននឹងឈរជាមួយកម្ពុជាជានិច្ច គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជា ក្នុងការបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលសាកសមនឹងប្រទេសជាតិរបស់ខ្លួន។

ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា ដោយមានប្រសាសន៍ថា ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀត ដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។

ឯកអគ្គរដ្ឋទូតបានថ្លែងថា ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្តគាំទ្រការងារ និងសកម្មភាពរបស់សមាគមនិស្សិតកម្ពុជានៅប្រទេសចិន ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយដោះស្រាយបញ្ហាលំបាក និងរួមគ្នាផ្តល់នូវបរិយាកាសសិក្សា និងការរស់នៅកាន់តែប្រសើរសម្រាប់និស្សិតកម្ពុជានៅក្នុងប្រទេសចិន។

ឯកអគ្គរដ្ឋទូតចិន ក៏បានផ្ញើសារជូនពរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតកម្ពុជា ដែលត្រៀមទៅបន្តការសិក្សានៅប្រទេសចិន។ លោកឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តសិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរស្តម្ភនៃមាតុភូមិ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ការប្រារព្ធពិធីនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិន និងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានកសាងវេទិកាមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរផងដែរ។ នៅពេលអនាគត ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងសុន្ទរកថាជាភាសាចិន និងខ្មែរ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះភាគីចិនដែលតែង ផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំក្នុងប្រទេសកម្ពុជា និងសង្ឃឹមថាមិត្តភាពរវាងកម្ពុជា និងចិន នៅតែបន្ដល្អនឹងគ្នាជារៀងដរាបទៅ។

បន្ថែមពីនេះទៅទៀត លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរដល់សិស្សានុសិស្សអារូបករណ៍ទាំងអស់ ទទួលបានភាពជ័យជោគក្នុងការសិក្សានៅឯប្រទេសចិន និងត្រឡប់មកមាតុភូមិកំណើតវិញជាមួយនឹងសមត្ថភាពដ៏ពេញលេញ និងសម្បូរបែប៕