(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស តំណាងលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នត្រួតពិនិត្យ និងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធ និងកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប QW.3 សហការជាមួយកងទ័ពរំដោះប្រជាជនចិន។

ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ សីហា នៅភ្នំស្រង់ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុពន្ធ័យោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងទ័ពរំដោះប្រជាជនចិន ដែលបានចំណាយពេលវេលាស្មារតីនិងថវិកាមកជួយហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទ នេះសបញ្ជាក់ឲ្យឃើញពីចំណងមិត្តភាពសហប្រតិបត្តិការដែកថែប រវាងកងទ័ព និងប្រជាជនកម្ពុជា-ចិន។

កន្លងមកកងទ័ពប្រជាជនរំដោះចិន បានជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈ ថវិការថ្នាំសង្កូវវ៉ាក់សាំងកូវីដ១៩ និងកសាងជំរុំជម្រកដល់កងយោធពលខេមរភូមិន្ទ និងបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងទ័ពដល់កងយោពលខេមរភូមិន្ទ។

លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀងសូត្រ ទាំងពេលវេលាវិន័យក្នុងពេលកំពុងសិក្សា យកអស់ពីកម្លាំងកាយចិត្ត ត្រូវប្រតិបត្តិគោរពគ្រូបង្វឹកឲ្យបានល្អសាកសមជាងកងយោធពលខេមរភូមិន្ទ ដើម្បីក្រេបជញ្ជក់រាល់ជំនាញមានឆន្ទៈមោះមុតជាកងទ័ព ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចសំដៅការពារ អធិបតេយ្យភាពជាតិ បូរណភាពជាតិ ស្ថិរភាពនិងសន្តិសុខសង្គមជាតិ។

ជាពិសេស ការពារសន្តិសុខសុវត្ថិភាពជូនសម្ដេខតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ និងការពារឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្រុមគ្រួសារក្នុងនីតិកាលទី៧ ខាងមុខនេះឱ្យបាន១០០%។

អង្គរក្សត្រូវគោរពប្រតិបត្តិនូវអភិក្រមទាំងបី របស់បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ បម្រើ និងហ៊ានពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ រក្សាការពារសន្តិភាព និងសុខសន្តិសុខសង្គម។

សូមបញ្ជាក់ថា សិក្ខាកាមកាមមានចំនួន ១២៧ នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស វគ្គហ្វឹកហ្វឺនបានបែងចែកជា២ជំនាញ  គឺជំនាញកាំជ្រួចការពារ អាកាស រយៈកម្ពស់ទាបQW.3   និងជំនាញប្រពន្ធ័បញ្ជាប្រយុទ្ធ។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានឧបត្ថម្ភដល់សិក្ខាកាមហ្វឹកហ្វឺនចំនួន ១២៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល យោធាចារ្យ និងក្រុមបច្ចេកទេសភាគីមិត្តចិន អ្នកក្រុមការងារសម្របសម្រួល និងគ្រប់គ្រងវគ្គ ក្រុមគ្រូជំនួយ សរុប ១៦៥ នាក់ក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល៕