(ប៉ារីស)៖ កម្ពុជាគោរពបាននូវសេរីភាពនៃការបញ្ចេញមតិរបស់អ្នកបោះឆ្នោត ហើយសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ គឺជាសន្លឹកឆ្នោតដែលមានភាពស្អាតស្អំ។ នេះគឺជាការបញ្ជាក់របស់ លោក Luca SCHIO ប្រធានសម្ពន្ធអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (IAEO) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស។

លោក Luca SCHIO បានបញ្ជាក់តាមរយៈវីដេអូផ្លូវការមួយថា ដូចដែល IAEO បានថ្លែងនៅក្នុងសេចក្ដីប្រកាសរួចហើយ ពោលគឺថ្ងៃបោះឆ្នោត យើងអង្កេតឃើញការចូលរួមពីសាធារណជនមានកម្រិតខ្ពស់ ប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ល្អ ហើយពេលខ្លះក៏ស្ថិតនៅក្នុងបរិយាកាសសប្បាយរីករាយអឹកអធឹកទៀតផង។ ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់ ជាពិសេសក្នុងចំណោមនោះជាយុវជនតែម្ដង ដែលនេះជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំស្មារតីរបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា «សរុបសេចក្ដីមក យើងអាចសន្និដ្ឋានបានថា កម្ពុជាគោរពច្បាប់ស្ដីពីបេក្ខភាពជាអ្នកតំណាងរបស់គណបក្ស និងដំណើរការបោះឆ្នោត ព្រមទាំងសេរីភាពនៃការបញ្ចេញមតិរបស់អ្នកបោះឆ្នោត ដែលសន្លឹកឆ្នោតមានភាពស្អាតស្អំ និងមានតម្លាភាព»

គួរបញ្ជាក់ថា សម្ពន្ធអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (IAEO) គឺជាអ្នកសង្កេតការណ៍ឯករាជ្យដែលត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតការណ៍លើទិដ្ឋភាពច្បាប់របស់កម្ពុជា ពិសេសគឺដំណើរការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕