(បាត់ដំបង)៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនានា ដើម្បីពង្រឹងការផលិត ការនាំចេញអង្ករឱ្យបានគ្រប់ផែនការ១លានតោន និង ដើម្បីឱ្យមានស្ថេរភាព តុល្យភាព និងការពារឱ្យបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុ នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកបានលើកឡើងពីស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និង សហគមន៍កសិកម្ម តាមតំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ ជាដើម។ បញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។

ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រមូលទិញស្រូវពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករ និងពិនិត្យលទ្ធភាពផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។

លោកមានប្រសាសន៍បន្តថា «រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ សហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានឲ្យគ្នានូវការវិវឌ្ឍនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ តាមរយៈវេទិការជួបជុំគ្នាជាប្រចាំ និងស្នើឱ្យមានការជួបជុំ មួយខែម្តងៗ ដើម្បីដោះស្រាយបញ្ហានានា ជាមួយគ្នា»