(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្ដឹងទាំង៥ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធ នឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕