(ភ្នំពេញ)៖ លោក ប៊ុន ខេត ប្រធានប្រតិបត្តិស្តីទី គណបក្សភ្លើងទៀន រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដានេះ បានចេញវីដេអូទទួលស្គាល់កំហុស និងសូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។

លោក ប៊ុន ខេត តាមរយៈវីដេអូ ក៏បានទទួលស្គាល់កំហុស ដែលធ្វើតាមការណែនាំរបស់ ទណ្ឌិត សម រង្ស៊ី ដែលឲ្យបំផុសបំផុល ប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។

ក្រោយឃើញវីដេអូ ទទួលស្គាល់កំហុស និងសូមការអភ័យទោស របស់លោក ប៊ុន ខេត ដែលធ្វើតាមការអុចអាល របស់ទណ្ឌិត សម រង្ស៊ី, សម្តេចតេជោ ហ៊ុន សែន បានសួរទៅគណបក្សភ្លើងទៀនថា តើគួរទទួលខុសត្រូវបែបណា ចំពោះទង្វើនេះ។

តាមរយៈ Telegram សម្តេចតេជោ បានសរសេរថា «បក្សភ្លើងទៀន ទើបចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់ជនក្បត់ជាតិ ៣ជំនាន់ដែលជាទណ្ឌិត។ តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?»

សូមជម្រាបថា លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មេដឹកនាំគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធនឹងរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត ក្រោមការប្រកាន់ជាផ្លូវការ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ដូចគ្នាថា ឈ្មោះ លី រី និងឈ្មោះ ប៊ុន ខេត ត្រូវបានដាក់ឲ្យស្ថិតក្រោមបទចោទប្រកាន់ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម។

សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទាំង២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

សមាជិកជាន់ខ្ពស់គណបក្សប្រឆាំង២រូបនេះ រួមមានទី១៖ គឺលោក លី រី ជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២៖ លោក ប៊ុន ខេត។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នោះទេ ដោយសារតែពុំមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់គ.ជ.ប និងច្បាប់។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕

ខាងក្រោមនេះ ជាវីដេអូ៖