(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកការជួយកសាងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ពីសំណាក់កងទ័ពរំដោះប្រជាជនចិន គឺជានិមិត្តរូបមួយ នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពប្រទេសទាំងពីរ ដែលជារៀងរាល់ឆ្នាំភាគីកងទ័ពទាំងពីរតែងតែបានចាត់បញ្ជូនក្រុមការងារបច្ចេកទេសផ្លាស់ប្ដូរទស្សនកិច្ច ដកពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក ដើម្បីជួយជំរុញឱ្យបណ្ដាវិទ្យាស្ថានទ័ពជើងគោក និងបណ្ដាសាលា ហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ដំណើរការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យការពារជាតិ របស់កម្ពុជា កាន់តែមានគុណភាព។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអនុញ្ញាតឱ្យគណៈប្រតិភូនិសិ្សតនាយទាហាន សាកលវិឡាល័យការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឧត្តមសេនីយ៍ឯក សៀវ ធៀនឡាំង (LtG, Xiao Tianliang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ កងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូនិស្សិតនាយទាហាន សាកលវិទ្យាល័យនេះ មកបំពេញដំណើរទស្សនកិច្ចដកពិសោធន៍ការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូនិស្សិតនាយទាហាន នៃសាកលវិទ្យាល័យការពារជាតិ កងទ័ពរំដោះប្រជាជនចិន មកកាន់ប្រទេសកម្ពុជា នាលើកនេះ។

តាមរយៈនៃដំណើរទស្សនកិច្ចរបស់ប្រតិភូនិស្សិតនាយទាហាន សកលវិទ្យាល័យការពារជាតិ កងទ័ពរំដោះប្រជាជនចិននៅកម្ពុជា នាលើកនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃ និងចាត់ទុកថាកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសាកលវិទ្យាល័យការពារជាតិ កងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ពិតជាបានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតលើកិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយ និងជាមិត្តដែលថែបរវាងកងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសំដែងនូវអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភ គាំទ្រទាំងស្មារតីសម្ភារៈ ដល់កងយោធពលខេមរភូមិន្ទ លើគ្រប់ផ្នែក ជាពិសេសបានជួយកសាង និងជួយទំនប់បម្រុងលើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញដល់កងយោធពលខេមរភូមិន្ទ ពិសេសសម្រាប់វិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានលក្ខណៈទំនើប សម្រាប់កងទ័ពកម្ពុជា និងក្នុងតំបន់ តាំងតែពីសាលានេះទើបចាប់ផ្ដើមកសាងពីបាតដៃទទេ រហូតក្លាយជាវិទ្យាស្ថានមួយដែលអាចបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទ កាន់តែមានគុណភាព និងលក្ខណៈទំនើបនៅក្នុងតំបន់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ទើបតែបទើបតែបានបញ្ចប់ការធ្វើសមយុទ្ធរួមគ្នា នៅឯមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងតំបន់ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះគឺជាសមយុទ្ធរួមគ្នា កម្ពុជា-ចិន លើកលើកទី៥ ហើយមកដល់ឆ្នាំ២០២៣នេះ។ ដែលទំហំនៃការធ្វើសមយុទ្ធ រាល់លើករវាងកងទ័ពយើងទាំងពីរកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់។ ហើយយើងក៏បានឯកភាពគ្នាថានឹងបន្តរៀបចំធ្វើសមយុទ្ធរួមគ្នាមួយទៀត នាអំឡុងពេលពាក់កណ្ដាលឆ្នាំ២០២៣នេះ ដែលមានឈ្មោះថា សមយុទ្ធរួមគ្នាលើការងារសុខាភិបាល  «ទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន»។

ឧត្តមសេនីយ៍ឯក សៀវ ធៀនឡាំង (LtG, Xiao Tianliang) បានជម្រាបជូននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថា ប្រតិភូនិស្សិតនាយទាហាន សកលវិទ្យាល័យការពារជាតិ របស់កងទ័ពរំដោះប្រជាជនចិន មកកាន់កម្ពុជាលើកនេះ ចំពេលដែលកម្ពុជាទើបតែបញ្ចប់ការរៀបចំការប្រកួតកីឡាអាស៊ានហ្គេម លើកទី៣២ និងបញ្ចប់ការប្រកួតកីឡាជនពិការអូឡាំពិកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃការប្រគួតកីឡាទាំងពីរនេះប្រចាំឆ្នាំ២០២៣ ហើយក៏ចំពេលដែលកម្ពុជា កំពង់ជាប់រវល់បើកឱ្យគ្រប់គណបក្សនយោបាយ ធ្វើការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

ឧត្តមសេនីយ៍ឯក សៀវ ធៀនឡាំង បានជូនពរដល់ប្រជាជនកម្ពុជា ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា សូមប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងមានតម្លាភាព។ ឧត្តមសេនីយ៍ឯក ថ្លែងថា ឆ្នាំនេះគឺជាឆ្នាំខួប៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពរវាងចិន និងកម្ពុជាផងដែរ។

ឧត្តមសេនីយ៍ឯក សៀវ ធៀនឡាំង បានបញ្ជាក់ទៀតថា កាលខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងផ្លូវរដ្ឋ ជាលក្ខណៈមិត្តភាព នៅប្រទេសចិន។ ដែលតាមរយៈនៃដំណើរទស្សនកិច្ចនេះ របស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសចិន បានធ្វើឱ្យទំនាក់ទំនងរវាងកងទ័ព និងប្រជាជនប្រទេសយើងទាំងពីរ ចិន-កម្ពុជា ឈានចូលទៅក្នុងយុគ្គសម័យថ្មី និងក្នុងដំណាក់កាលថ្មីមួយ។

ឧត្តមសេនីយ៍ឯក សៀវ ធៀនឡាំង បានបន្ថែមទៀតថា សមិទ្ធផលជាច្រើននៅក្នុងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅក្នុងតំបន់ភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀត គ្រប់ទីកន្លែងនៅកម្ពុជា ដែលកងទ័ពរំដោះប្រជាជនចិន បានជួយកសាង គឺជានិមិត្តរូប នៃការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព នៃកងទ័ពប្រទេសយើងទាំងពីរ។

ឧត្តមសេនីយ៍ឯក សៀវ ធៀនឡាំង បានថ្លែងថា គោលបំណងរបស់ប្រតិភូនិស្សិតនាយទាហាន សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពនៃកងទ័ពរំដោះប្រជាជនចិន មកកាន់កម្ពុជាលើកនេះ គឺដើម្បីធ្វើការផ្លាស់ប្ដូរទស្សនៈបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពទាំងពីរចិន-កម្ពុជា ពិសេសសាកលវិទ្យាល័យការពារជាតិនៃប្រទេសទាំងពីរ៕