(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ថ្នាក់ដឹកនាំ និងក្រុមគ្រូបច្ចេកទេសរបស់អង្គភាពស៉ីម៉ាក់ ទើបបញ្ចប់ការបំពេញបេសកកម្ម ផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី​របស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន ដោយជោគជ័យ និងបានវិលត្រឡប់មកមាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាពផងដែរ។

លោកបន្តថា វគ្គហ្វឹកហ្វឺនកិច្ចបោសសម្អាតមីនមនុស្សធម៌ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី​ របស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែននេះ ត្រូវបានប្រព្រឹត្តិទៅ​នៅប្រទេសប៉ូឡូញ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៥-៩​ ខែកក្កដា​ ឆ្នាំ២០២៣ ។

លោកបញ្ជាក់ទៀតថា កិច្ចសហការផ្តល់វគ្គហ្វឹកហ្វឺន ជូនអ្នកជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែននេះ​ ជាការឆ្លើយតបតាមសំណូមពរ របស់រដ្ឋាភិបាលអ៊ុយក្រែន​ ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដោយមានការសម្របសម្រួល ពីរដ្ឋាភិបាលជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។

លោកអគ្គនាយកបញ្ជាក់ថា «វគ្គហ្វឹកហ្វឺនជូនអ្នកជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន ដែលធ្វើឡើងនៅប្រទេសប៉ូឡូញនេះ គឺជាកម្មវិធីហ្វឹកហ្វឺន ដើម្បីត្រួតពិនិត្យលើការហ្វឹកហ្វឺន ដែលប្រព្រឹត្តទៅកាលពីខែមករា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកម្ពុជា»។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ចូលរួមវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ លើកទី១ គឺវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដែលមានរយៈពេល១សប្តាហ៍ផងដែរ ដែលធ្វើនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣៕