(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងថា «ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតជូនដល់ ការរីកចម្រើននៃជីវភាពរស់នៅរបស់ខ្លួនឯង និងក្រុមគ្រួសារ»

នាឱកាសនោះលោក ហ៊ុន ម៉ានី បានបន្ថែមថា «ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា ស្មើរនឹងការបោះឆ្នោតជូនដល់ការរីកចម្រើននៃជីវភាពរស់នៅរបស់ខ្លួនឯង និងក្រុមគ្រួសារ» ដោយលោកបានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការធានាដល់ការងារ និងការថែរក្សាអត្ថប្រយោជន៍របស់បងប្អូន កម្មករ កម្មការិនី នៅដដែល។

លើសពីនេះទៅទៀតនោះ បងប្អូនកម្មករ កម្មការិនីក៏អាចទទួលបាននូវកំណើនអត្ថប្រយោជន៍នានា ចេញពីការងាររបស់បងប្អូនជាបន្តបន្ទាប់ដូចអ្វីដែលបងប្អូនទទួលបានកន្លងមកហើយ សូម្បីតែក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាព្យាយាមរក្សានូវ អត្ថប្រយោជន៍ជូនបងប្អូនឲ្យបានល្អប្រសើរផងដែរ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា និងធានាដល់ការបន្តបេសកកម្មក្នុងការបម្រើ និងការពារផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ជាមួយគ្នានោះ លោកក៏បានអំពាវដល់សមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឲ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។

ទន្ទឹមនឹងនេះ លោកបានរំលឹកដល់សមាជិក សមាជិកា អោយភ្ជាប់នូវឯកសារ២ ដែលអាចយកទៅបោះឆ្នោតគឺ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ. ឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ។

សូមជម្រាបជូនថា ពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំជង្រុក និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រព្រឹត្តិទៅក្រោមអធិបតីភព លោក ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ៕