(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងផែនការយុទ្ធសាស្រ្ត «នារីរតនៈ» កំពុងអនុវត្តការប្រែក្លាយស្រ្តី ឲ្យទៅជាត្បូងដ៏មានតម្លៃ និងជាធនធានដ៏មានសក្តានុពលខ្ពស់ ក្នុងសង្គម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដំណើរការជាផ្លូវការ គម្រោងថ្នាក់តំបន់ ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់។

សិក្ខាសាលាផ្សព្វផ្សាយ និងដំណើរការជាផ្លូវការ គម្រោងថ្នាក់តំបន់ ខាងលើនេះ បានរៀបចំធ្វើឡើង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការគាំទ្រពីក្របខណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិរបស់កម្ពុជា, រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងផែនការយុទ្ធសាស្រ្ត នារីរតនៈ កំពុងអនុវត្តការប្រែក្លាយ ស្រ្តី ឱ្យទៅជាត្បូងដ៏មានតម្លៃ និងជាធនធានដ៏មានសក្តានុពលខ្ពស់ ក្នុងសង្គម»

លោកស្រីបន្ដថា នៅក្នុងក្របខណ្ឌគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ បានទទួលស្គាល់ថា ក្នុងចំណោមប្រជាពលរដ្ឋក្រីក្រនៅជនបទ ដែលក្នុងនោះភាគច្រើនជាស្រ្តី ជាក្រុមងាយរងគ្រោះបំផុត ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារតែពួកគាត់ពឹងផ្អែកជាខ្លាំងលើកសិកម្ម និងធនធានធម្មជាតិ។

នៅក្នុងនោះ ស្រ្តី នឹងក្រុមងាយរងគ្រោះផ្សេងទៀត ជាក្រុមងាយទទួលរងគ្រោះ ពីជំងឺដោយសារធនធាន និងសកម្មភាពបន្សាំនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការត្រៀមបង្ការរបស់ពួកគេ សម្រាប់ទប់ទល់នឹងហានិភ័យអាកាសធាតុ និងមុខសញ្ញាមហន្តរាយនៅមានកម្រិត។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការធ្វើឲ្យស៊ីចង្វាក់ជាមួយក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ «មេគង្គ-ឡានឆាង» ក៏ដូចជាក្របខណ្ឌជាសកល ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព, ក្រសួងកិច្ចការនារី តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំនិងគ្រោងអនុត្តគម្រោងនេះ។

គម្រោងនេះ នឹងចូលរួមចំណែកពង្រឹងលទ្ធភាព និងសមត្ថភាពបន្ស៉ាំ និងធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការដាក់ចេញនូវវិធាន និងមធ្យោបាយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់ គុណភាព នៃទឹកស្អាតនិងអនាម័យ ដើម្បីឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងគ្រួសារគេ, នៅក្នុងតំបន់មេគង្គ-ឡានឆាង ប្រកបដោយចីរភាព បរិយាប័ន្ន និងដោយមានការតភ្ជាប់គ្នានៅក្នុងតំបន់។

គម្រោង នឹងចាប់ផ្តើម ដោយមានកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលស៊ីចង្វាក់ជាមួយស្ថានភាពជាក់ស្តែង របស់បណ្តាប្រទេសនីមួយៗ ក្នុងការឆ្លើយតបនឹងយេនឌ័រនៅក្នុងសកម្មភាពអាកាសធាតុ និងការពង្រឹងសមត្ថភាពបន្សាំនិងភាពធន់របស់ស្រ្តី នៅតាមជនបទ។

កម្មវិធីអភិវឌ្ឍសមត្ថភាពនេះ នឹងធ្វើឡើងដោយមានអ្នកឯកទេសមកពីប្រទេសចិន, ឡាវ, ថៃ និងកម្ពុជា និងសម្រាប់អ្នកចូលរួមដែលជាអ្នករៀបចំគោលនយោបាយ និងកម្មវិធី មកពីកម្ពុជា និងឡាវ ដើម្បីឈានទៅកំណត់គម្រោងសាកល្បង សម្រាប់បណ្តាប្រទេស និងសហគមន៍របស់ខ្លួន។

គម្រោង នឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែង ដែលកើតចេញពីការអនុវត្តគម្រោងសាកល្បង នៅឡាវ និង កម្ពុជា លើចំណុចឧត្តមានុវត្តន៍ (Best Practice), ចំណុចខ្លាំង និងមេរៀនបទពិសោធន៍នានា ក្នុងការពង្រឹងសមត្ថភាពបន្សាំនិងធន់របស់ស្រ្តី ក្នុងការប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងពីវិបត្តិនានានៅក្នុងសង្គម និងជាសកល។

មេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោងនេះ នឹងក្លាយជាផ្នែកមួយនៃចំណេះដឹងថ្នាក់តំបន់ (Reginal Knowledge) សម្រាប់ការតាក់តែងកម្មវិធី និងគោលនយោបាយជាបន្តបន្ទាប់ លើសកម្មភាពអាកាសធាតុដែលឆ្លើយតបនឹងយេនឌ័រ និងការពង្រឹងសមត្ថភាពធន់របស់ស្រ្តី៕