(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

លោក ហ៊ីង ធីឫទ្ធិ បានថ្លែងថា អនុលោមតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីបោះឆ្នោត ប្រជាពលរដ្ឋនោះ អាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។ អាជ្ញាធរឃុំ សង្កាត់ និង គឃ.សប ត្រូវបានអនុញ្ញាតឱ្យចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) តាមការស្នើសុំ ជូនប្រជាពលរដ្ឋ ស្របតាមសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប លេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

លោកបន្តទៀតថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទសម្រាប់ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ មានរយៈពេល៣០ថ្ងៃ គឺចាប់ធ្វើពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ត្រឹមម៉ោង ៥:៣០នាទីល្ងាច។

លោក ហ៊ីង ធីឫទ្ធិ បានបញ្ជាក់ជូនទៀតថា ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

* ត្រូវស្នើសុំក្នុងអំឡុងកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ
* ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខ គឃ.សប នៃឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត
* ត្រូវបំពេញពាក្យស្នើសុំ និងត្រូវផ្តិតស្នាមម្រាមដៃនៅចំពោះមុខប្រធាន គឃ.សប
* ត្រូវផ្តល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប ទទួលបន្ទុកលើការងាររដ្ឋបាល និងថតរូបសម្រាប់ការផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។

លោក ហ៊ីង ធីឫទ្ធិ បានបញ្ជាក់ជូនបន្តទៀតថា បន្ទាប់ពីបានទទួល និងពិនិត្យលើពាក្យស្នើសុំ ប្រធាន គឃ.សប ត្រូវចេញ ឯ.អ ជូនអ្នកបោះឆ្នោត ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ។ បន្ទាប់មកអ្នកបោះឆ្នោតត្រូវយក ឯ.អ ដែលចេញដោយប្រធាន គឃ.សប ទៅកាន់សាលាឃុំ សង្កាត់ ដើម្បីឱ្យមេឃុំ ចៅសង្កាត់ ពិនិត្យ និងសម្រេចផ្តល់សុពលភាពសម្រាប់ប្រើប្រាស់ជាផ្លូវការ។ អ្នកបោះឆ្នោតត្រូវរក្សាទុក ឯ.អ នោះ សម្រាប់យកទៅបង្ហាញដល់មន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត ទើបអាចបោះឆ្នោតបាន។

ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅ គឃ.សប លោក ហ៊ីង ធីឫទ្ធិ បានជម្រាបជូនថា អនុលោមតាមមាត្រា ៤៣ និងមាត្រា ៩៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវបោះពុម្ព ផ្សព្វផ្សាយ និងបិទផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតនៅទីស្នាក់ការ គឃ.សប ក្នុងរយៈពេលយ៉ាងតិច ៣០ថ្ងៃមុនថ្ងៃបោះឆ្នោត។ តាមប្រតិទិន ការបិទផ្សាយនេះនឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបានជម្រាបជូនទៀតថា បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗត្រូវបានថតចម្លង និងផ្ញើជូន គឃ.សប ចំនួន ២ ច្បាប់ ដោយ ១ ច្បាប់ត្រូវបិទផ្សាយនៅទីស្នាក់ការ គឃ.សប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវថែរក្សារហូតដល់ថ្ងៃបោះឆ្នោត និងចំនួន ១ ច្បាប់ទៀតរក្សាទុកជាឯកសារនៅ គឃ.សប។ បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងអស់ចំណុះរាជធានី ខេត្តនីមួយៗ ត្រូវបានថតចម្លងលើក្រដាស ឬក្នុងស៊ីឌីជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពាក់ព័ន្ធ ដើម្បីរក្សាទុកជាឯកសារ និងបម្រើដល់សាធារណជន។

មានសំណួរមួយចំនួនបានលើកឡើងដោយភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងកិច្ចប្រជុំនោះ គឺពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការហែក្បួនឃោសនាបោះឆ្នោត ការដាក់ភ្នាក់ងារគណបក្សនយោបាយ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការអនុវត្តសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។

តំណាង គ.ជ.ប ដែលបានដឹកនាំកិច្ចប្រជុំនោះ បានឆ្លើយបញ្ជាក់ជូនទៅនឹងការលើកឡើងខាងលើថា ការងាររបស់ គ.ជ.ប មានផែនការមេ មានប្រតិទិននៃការបោះឆ្នោត មានសេចក្តីណែនាំ សេចក្តីជូនដំណឹងផ្សព្វផ្សាយទៅគ្រប់ភាគីពាក់ព័ន្ធទៅតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យភាគីទាំងនោះ ងាយស្រួលបំពេញការងាររបស់ខ្លួន ជាពិសេសគណបក្សនយោបាយ។ គ.ជ.ប បានអនុវត្តទៅតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ សំណួរខ្លះទៀតពាក់ព័ន្ធនឹងសកម្មភាពការងារនៅពេលខាងមុខ ដូចជាការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គ.ជ.ប នឹងមានកិច្ចប្រជុំពាក់ព័ន្ធនឹងប្រធានបទទាំងនេះជាបន្តទៀតនៅចុងខែមិថុនា និងក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។ ចំពោះកិច្ចប្រជុំថ្ងៃនេះ គ.ជ.ប ចង់ផ្តោតទៅលើការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីឱ្យគ្រប់ភាគីទាំងអស់បានយល់ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

ការងារនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឱ្យពួកគាត់ទៅធ្វើ ឯ.អ ទាន់ពេលវេលា ដើម្បីបោះឆ្នោត។ គ.ជ.ប បានបញ្ជាក់ជូនទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាល ទើបចេញអនុក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ខ្លឹមសារក្នុងអនុក្រឹត្យនោះ មាត្រា ៣ បានចែងថា ត្រូវបានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចំនួនប្រមាណ ៧០ នាក់៕