(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារកិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានជួបជាមួយលោក អ៊ូអិណុ អាត់ស៊ូស៉ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម សំណេះសំណាល និងស្វែងយល់អំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា និងដើម្បីជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគបរទេស និងជាពិសេសអំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន។

ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាល លោក អ៊ូអិណុ អាត់ស៊ូស៉ី ពេញចិត្តចែករំលែកព័ត៌មានដល់លោក ព្រាប កុល អំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុន និងព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធ ដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលស្វែងរកការឱកាសធ្វើការវិនិយោគនៅកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៉ី បានកត់សម្គាល់ថាកម្ពុជាមានកក្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេសកត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម (យុវជនពេញកម្លាំង) និងស្ថិរភាពនយោបាយ និងកោតសរសើរដល់ឆន្ទ: និងគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែនទៀតពីសំណាក់អ្នកវិនិយោគបរទេសជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។

នៅក្នុងជំនួបនោះ លោក ព្រាប កុល បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះ លោក អ៊ូអិណុ អាត់ស៊ូស៉ី និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្ក្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួន ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយពាណិជ្ជកម្ម តួនាទីរបស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះនៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៉ីហ្វិករបស់ជប៉ុន។ល។

លោក អ៊ូអិណុ អាត់ស៊ូស៉ី បានថ្លែងអំណគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគាំទ្រគោលនយោបាយការបរទេសរបស់ជប៉ុន និងជាពិសេសចំពោះការបង្កើត និងថែរក្សាទំនាក់ទំនងដ៏ល្អជាមួយប្រទេសជប៉ុន។

លោក អ៊ូអិណុ អាត់ស៊ូស៉ី បានថ្លែងអំណរគុណដល់ លោក ព្រាប កុល ដែលបានជួបសម្តែងការគួរសម សំណេះសំណាល ចែករំលែកព័ត៌មាន និងពិភាក្សាការងារជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលកាយវិការនេះ បង្ហាញឲ្យឃើញនូវការរាប់អានជ្រាលជ្រៅ ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់ទំនាក់ទំនងឲ្យកាន់តែល្អ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការបង្កើតនូវបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជានិងជប៉ុន។

លោក អ៊ូអិណុ អាត់ស៊ូស៉ី បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និងរីករាយធ្វើការជាមួយលោក ព្រាប កុល និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសជប៉ុន៕