(សៀមរាប)៖ ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។

នៅថ្ងៃនេះ ក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទគោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូរ។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើលការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។

សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុកតែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕