(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដោយឆ្នាំនេះក្រោមប្រធានបទ «រួមគ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការសាខា លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញប្រគល់ និងទទួលថវិកាពីព្រះសង្ឃ មន្ទីរអង្គភាព និងសប្បុរសជន ក្នុងជំហានទី២ ជាង៣ម៉ឺនដុល្លារ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋជួបការលំបាក និងដោយរងគ្រោះធម្មជាតិផ្សេងៗ។

លោក ខូយ រីដា បានថ្លែងនូវអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព បងប្អូនអាជីវករ និងសប្បុរសជនក្នុងខេត្ត ដែលបានបរិច្ឆាគធនធានផ្ទាល់ខ្លួន ដល់ការងារមនុស្សធម៌ប្រកបដោយភាពជឿជាក់។ ជាក់ស្តែងក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធាន «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ឃើញថាព្រះមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង និងតាមមន្ទីរ អង្គភាព អាជីវករ និងសប្បុរសជន ទាំងក្នុង និងក្រៅខេត្ត បានចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួន ទៅតាមលទ្ធភាព ដើម្បីសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុកលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោក​បានសន្យាថានឹងយកថវិកាទាំងនេះទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពសេវាមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការណ៍ច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

មន្ទីរអង្គភាព និងសប្បុរសជន ចូលរួមឧបត្ថម្ភថវិកា ក្នុងជំហានទី២នេះ បានចំនួន ៣០,១២៥ដុល្លារ ក្នុងនោះតាមរយៈលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកត្តិយសសាខា ចំនួន២ម៉ឺនដុល្លារ, ព្រះមេគណខេត្ត ព្រះអនុគណស្រុក ក្រុង ចំនួនជាង ២,០០០ដុល្លារ ព្រមទាំងស្បៀង និងសម្ភារមួយចំនួនធំ, លោកស្រី យឹម ណារ៉េត ប្រធានក្រុមហ៊ុនណារ៉េតលីមីតធីតអភិវឌ្ឍន៍អគ្គិសនី ចំនួន២២០០ដុល្លា, លោកស្រី ហួត ផារី ចំនួន៥០០ដុល្លារ, លោកស្រី កាង គឹមទៀង ចំនួន៥០០ដុល្លារ, អង្គភាពពន្ធនាគារខេត្ត ចំនួន៥០០ដុល្លារ, អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន៥០០ដុល្លារ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន៥០០ដុល្លារ, សាខាគយ និងរដ្ឋាករខេត្ត ចំនួន៣០០ដុល្លារ, មន្ទីរពាណិជ្ជកម្មខេត្ត ចំនួប២៥០ដុល្លារ, មន្ទីរព័ត៌មានខេត្ត ចំនួន២៥០ដុល្លារ, រតនាគារខេត្ត ចំនួន២៥០ដុល្លារ, មន្ទីរកិច្ចការនារីខេត្ត ចំនួន២៥០ដុល្លារ, មន្ទីរទេសចរណ៍ខេត្ត ចំនួន២៥០ដុល្លារ, មន្ទីររ៉ែ និងថាមពលខេត្ត ចំនួន២៥០ដុល្លារ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន១២៥ដុល្លារ, លោក ឡៃ ហេង និងលោកស្រីចំនួន១២៥ដុល្លារ, លោក តាំង សារ៉េត និងលោកស្រី ចំនួន១០០០ដុល្លារ, លោក ជិន លាងគី និងលោកស្រី ភូ វណ្ណា ចំនួន១២៥ដុល្លារ, លោក គន ចាំងម៉េង និងលោកស្រី ភូ ធីតា ចំនួន២៥០ដុល្លារ និងលោកស្រី គាំ ឥន្ធធារី មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត ចំនួន២៥ដុល្លារ។

សូបបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលថវិកាក្នុងជំហានទី១ បានចំនួន១៨,០៥០ដុល្លារ និងជំហានទី២នេះ បានថវិកាចំនួន៣០,១៥២ដុល្លារ សរុបទាំង២លើក បានចំនួន៤៨,២០២ដុល្លារ៕