(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់តួនាទីភារកិច្ចគឺទន់ភ្លន់ តែម៉ឺងម៉ាត់។

ការដាស់តឿនក្រើនរំលឹកនេះ បានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌ ជួបសំណេះសំណាល និងឧបត្ថម្ភអង្ករ រួមទាំងថវិកាជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ។

ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់ដូច្នេះថា៖

*ទី១៖ កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ
*ទី២៖ កុំសេពគ្រឿងញៀន
*ទី៣៖ ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង។

លោកបានណែនាំកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវអនុវត្តឲ្យបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀនខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។ ចំណុចមួយទៀតកុំឈ្លោះទាស់ទែងគ្នា វាមិនល្អទេ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយរួម ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវ រក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានកោតសសើរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។ ចំណុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីឲ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា៕