(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន៤ រួចមក នាថ្ងៃស្អែកនេះ NEA នឹងរៀបចំ «វេទិកាការងារ» នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុនធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK។

ជាមួយគ្នានេះដែរ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថា ម៉ាក្រូធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកមកហើយ ជាលទ្ធផលយើងជ្រើសរើសបានបុគ្គលិកតាមរយៈការសហការនេះទាន់តម្រូវការរបស់ក្រុមហ៊ុនយើង។ លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA នៅថ្ងៃស្អែកនេះ។ លោកស្រីថា ដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។

វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការបង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕