(ព្រះវិហារ)៖ អាជីវកខ្មែរច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលភាគច្រើនជាអ្នកនាំផ្សិតប៉ក់ចូលលក់ក្នុងផ្សារអានម៉ារបស់ថៃ បានសំដែងការមិនពេញចិត្តចំពោះសមត្ថកិច្ចគយថៃ ដែលបានហាមឃាត់មិនឱ្យពួកកាត់នាំចូលផ្សិតប៉ក់ដូចពេលរាល់ដង។

លោក ចិន ខន្តី ប្រធានច្រកព្រំដែនអានសេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា កាលពីព្រឹកម្សិលមិញ ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករនាំផ្សិតប៉ក់ទៅលក់ឱ្យអាជីវករថៃនៅផ្សារអានម៉ារបស់ថៃ បានសំដែងការមិនពេញចិត្តចំពោះសមត្ថកិច្ចគយរបស់ថៃ ដែលបានហាមមិនឱ្យពួកគាត់នាំចូលផលអនុផលព្រៃឈើ ទៅលក់នៅក្នុងផ្សារថៃដូចរាល់ដង។

ប្រធានច្រកព្រំដែនអានសេះរូបនេះ បានបញ្ជាក់ថា ក្រោយមានការតវ៉ាពីអាជីវករខ្មែរយើង លោកបានជួបទំនាក់ទំនងជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកណាំយ៉ឺន ខេត្តឧប៊ុនរាជធានី ដោយបានលើកយកហេតុផលអនុផលព្រៃឈើ ដែលប្រជាពលរដ្ឋរកបាននៅក្នុងព្រៃ គឺតាមរដូវកាលមិនមានភាពអចិន្ត្រៃយ៍នោះទេ ម្យ៉ាងទៀតផលអនុផលព្រៃឈើដែលអាជីវកខ្មែរនាំយកទៅលក់នៅផ្សារថៃអានម៉ា ទើបតែចាប់ផ្តើមរយៈពេលបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

លោក ចិន ខន្តី បានថ្លែងថា ក្នុងជំនួបដើម្បីស្វែងរកដំណោះស្រាយជូនអាជីវករខ្មែរ ជាលទ្ធផលភាគីថៃបានតម្រូវឱ្យអាជីវករខ្មែរធ្វើច្បាប់ជាមុនៗនឹងនាំផលអនុផលព្រៃឈើ (ផ្សិតប៉ក់ ស្វាយ) នាំចូលទៅលក់នៅក្នុងផ្សារថៃ ដោយគេគិតក្នុង១គីឡូ ៥បាត បើសិនជាយើងនាំចូលដោយមិនមានច្បាប់ នោះសមត្ថកិច្ចថៃនឹងគិត១គីឡូ៤០បាត ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចថៃ ក៏បានអនុញ្ញាតដល់អាជីវករខ្មែរអាចនាំផ្សិតប៉ក់ទៅលក់ក្នុងផ្សារថៃ ដោយយួរជាថង់តូចៗ មិនតម្រូវឱ្យដាក់ក្នុងរទេះរុញនោះទេ៕