(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខរបស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាកដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។

ក្រៅពីនេះ ក៏មានការរៀបចំគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការខិតខំពង្រឹងសមត្ថភាព ក្នុងការលើកកម្ពស់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែលឿនរហ័ស និងជាទីពេញចិត្តសម្រាប់ប្រជាជន។

លោកបណ្ឌិត បានអះអាងថា គណបក្សប្រជាជនកម្ពុជា អាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស ពីព្រោះគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលឈ្នះការបោះឆ្នោត។ ដោយគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិយើងមានការរីកចម្រើនដល់បច្បុប្បន្ន ហើយគណបក្សក៏នឹងបន្តរៀបចំ និងអនុវត្តនូវនយោបាយដែលត្រឹមត្រូវបន្តទៅមុខទៀត។

លោកបន្ដថា គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលជោគជ័យ។ ក្នុងន័យនេះ យុវជនគឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ចំពោះការចូលរួមដោយផ្ទាល់ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឲ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមានដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការពាររាល់ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ជោគជ័យ និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសមិទ្ធផលរបស់សង្គមជាតិដែលយើងកំពុងមានសព្វថ្ងៃ អាចនឹងរលាយបាត់បង់យ៉ាងងាយបំផុត ប្រសិនបើកម្លាំងយុវជនដែលជាចលករយ៉ាងមុតស្រួច និងមានបរិមាណដ៏ច្រើន ក្នុងសង្គមប្រជាធិបតេយ្យ មានភាពមិនច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តខុសឆ្គង ដោយចូលរួមធ្វើសកម្មភាពប្រាសចាកពីគោលការណ៍ច្បាប់ ដែលបង្កជាចលាចលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងដំណើរការ នៃការអភិវឌ្ឍជាតិ។

ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលពោរពេញដោយថាមភាព និងសក្តានុពលសម្រាប់បន្តវេន ជាពិសេសក្នុងនាមជាសកម្មជនបក្សដែលទទួលបានទំនុកចិត្តពីបក្ស យើងត្រូវប្តេជ្ញាបន្តថែរក្សាសមិទ្ធផលសព្វថ្ងៃ ឲ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀត ហើយចំពោះមុខនេះ គឺការចូលរួមការពារប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការពារសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺនឹងត្រូវបានអនុវត្តបន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើង៕