(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា សម្តេចមានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ល្បឿនលឿន ភ្នំពេញ-បាវិត ដែលសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជាមនុស្ស ដែលមានភ័ព្វសំណាងណាស់ នៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ២រូបមកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារតែមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ចេះសន្សំលុយបែបនេះហើយ បានជារាជរដ្ឋាភិបាល ហ៊ានដកថវិកាជាង២៣២លានដុល្លារ យកមកសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងសន្សំលុយទុក ដើម្បីវិនិយោគខ្លួនឯង ហើយគ្រាន់តែប៉ុន្មានថ្ងៃនេះ អស់លុយមិនតិចទេ។ សម្ដេចបន្ដថា បើគ្មានថវិកាបដិភាគ គម្រោងមិត្ដភក្ដិជួយ ជាជំនួយក្ដី ជាប្រាក់កម្ចីក្ដី គឺធ្វើមិនបាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ខ្ញុំហាក់ដូចជាសំណាងដែរ ដែលតាំងពីឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន គឺចេះសន្សំលុយ»

សូមជម្រាបថា ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាន់តំណែង ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ និងបន្ដមកដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់នាពេលបច្ចុប្បន្ន៕