(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើតាមគម្រោងដើមដំបូង ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានទន្លេមេគង្គក្រោម (កៀនស្វាយ-ល្វាឯម) ផងដែរ ដោយតម្រូវឱ្យអ្នកធ្វើដំណើរត្រូវបង់ថ្លៃទាំងស្ពានទាំងផ្លូវ ប៉ុន្តែដោយការគិតគូរដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាប្រមាណ២៣០,៥៨៨,០០០ដុល្លារអាម៉េរិកចេញថ្លៃសាងសង់ស្ពាននេះ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លៃឆ្លងស្ពាននោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាមួយវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា គម្រោងសាងសង់នៅទីនេះ គឺចែងចែកជា២ផ្នែក៖ ទី១-ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម បាវិត-ម៉ុកបៃ ប្រវែងសរុប១៣៥គីឡូម៉ែត្រ និងទី២-ការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមរវាងស្រុកកៀនស្វាយ និងស្រុកល្វាឯម ប្រវែងសរុប៣,៧០០ម៉ែត្រ (គិតទាំងជើងទេរសងខាង)។ បើតាមគម្រោងដើមដំបូង បន្ទាប់ពីសាងសង់ផ្លូវល្បឿនលឿន និងស្ពាននេះហើយ គឺតម្រូវឱ្យអ្នកធ្វើដំណើរត្រូវបង់ថ្លៃទាំងស្ពានទាំងផ្លូវ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ដោយសារការគិតគូរពីជីវភាព និងតម្រូវការរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវឆ្លងស្ពាននេះរៀងរាល់ថ្ងៃនោះ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាជាតិប្រមាណ២៣០,៥៨៨,០០០ដុល្លារអាម៉េរិកចេញថ្លៃសាងសង់ស្ពាននេះ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លៃឆ្លងស្ពាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចំណាយថវិកាជាតិសម្រាប់ការកសាងស្ពាននេះ គឺដើម្បីកុំឱ្យប្រជាជនពិបាកក្នុងការចំណាយថ្លៃឆ្លងស្ពាននេះ សម្រួលដល់ជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅស្រុកល្វាឯម និងស្រុកកៀនស្វាយ។ ទោះបីការកសាងស្ពាននេះ ជាការបញ្ចប់អាជីវកម្មរត់ទូកដរ តែជាការផ្ដល់ប្រយោជន៍ធំធេងសម្រាប់ប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារ។

សម្ដេចតេជោបានថ្លែងទៅកាន់លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន ថា ប្រសិនបើលោកប្រធានាធិបតី ស៉ី ជិនពីង យល់ថាការសាងសង់ស្ពាននេះមានសារសំខាន់ចំពោះប្រជាជននិងប្រទេសកម្ពុជា ក៏សូមឱ្យភាគីចិនបន្តផ្ដល់ជំនួយមកឱ្យកម្ពុជាបន្ថែមទៀតក៏បាន ពីព្រោះរាជរដ្ឋាភិបាលកម្ពុជាយកថវិកាជំនួយនោះមកកសាងសមិទ្ធផលជូនប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ថា ស្ពាន និងផ្លូវល្បឿនលឿនថ្មីនេះ ត្រូវតែសាងសង់ឱ្យរួចដំណាលគ្នា ហើយប្រសិនបើស្ពានសាងសង់រួចមុន គឺកាន់តែល្អប្រសើរ ព្រោះប្រជាជននឹងឆាប់បានធ្វើដំណើរឆ្លងកាត់ ដោយមិនចាំបាច់ឆ្លងទូកដរដូចមុន៕